ចាប់វាយខ្នោះកូនល្មើសគុណ ផឹកទឹកប្ដូរនិស្ស័យ វាយម្តាយខ្លួនឯង បណ្តាលរងរបួស
រាជធានីភ្នំពេញ៖ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវកូនប្រុសតិរិច្ឆានយកដំបងដែកវាយ បណ្តាលឱ្យរងរបួសជាំថ្ពាល់ និងក្បាលពោះ បន្ទាប់ពីផឹកស្រាបៀរអស់ចំនួន៧កំប៉ុង។ករណីបង្កហឹង្សានេះបានកើតឡើងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៩បេ ផ្លូវបេតុង ក្រុម១៥ ស្ថិតនៅក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ដែលជាកូនបង្កហិង្សា ដោយយកដំបងវាយទៅលើម្ដាយរបស់ខ្លួន បណ្ដាលឲ្យរងរបួសនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះ។
សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ តាំង វណា្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ។រីឯជនរងគ្រោះជាម្ដាយឈ្មោះ អ៊ូ ចំណាប់ អាយុ៥៧ឆាំ្ន ជនជាតិខែ្មរ មុខរបរលក់ដូរ។អ្នកទាំងពីស្នាក់នៅផ្ទះជាមួយគ្នានៅចំណុចកើតហេតុខាងលើ។
បើតាមនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ នៃអធិការដ្ឋាននគរនបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យពិតជាបានផឹកស្រាបៀអស់ចំនួន៧កំប៉ុង បន្ទាប់ពីផឹកអស់ហើយ ក៏ចាប់ផ្ដើមរករឿងឈ្លោះប្រកែកគ្នា ជាមួយម្តាយរបស់ខ្លួន ស្រាប់តែបង្កទៅជាហឹង្សា ហ៊ានវាយម្ដាយឡើងជាំថ្ពាល់ និងស្ទុះទៅយកដំបងដែកមកវាយលើម្តាយ បណ្ដាលឲ្យរងរបួសជាំត្រង់ក្បាលពោះបន្ថែមទៀត។ភ្លាមៗដោយសារតែអ្នកក្បែរខាងឃើញហេតុការណ៍ ដ៏មិនគួរគប្បីបានកើតឡើងយ៉ាងដូច្នេះ ទើបសម្រេចទៅជួយឃាត់ និងរាយការណ៍ទៅមសមត្ថកិច្ច និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាកូនតែម្ដង ជាមួយវត្ថុតាងដំបងដែកចំនួន១ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីតែម្តង៕