អគារនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ត្រៀមប្រើប្រាស់ធ្វើជាកន្លែងសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩(COVID-19)
ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការបង្ការ និងទប់ស្កាត់ជំងឺកូវីត១៩(COVID-19)ខេត្តស្ទឹងត្រែង បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងអគារនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមសម្រាប់ដាក់ឱ្យប្រើប្រាស់ជាកន្លែងពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩(COVID-19)។
ឯកឧត្តម ម៉ុម សារឿន បានបញ្ជាក់ថា. ការសម្រេចយកអគារមជ្ឈមណ្ឌលគរុកោសល្យនេះ ត្រៀមប្រើប្រាស់សម្រាប់ធ្វើជាកន្លែងពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩(COVID-19) ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ។ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា កន្លងមករដ្ឋបាលខេត្តបានបង្កើតក្រុមការងារប្រយុទ្ធ ប្រឆាំង និងជំងឺដ៏កាចសាហាវមួយនេះ ព្រមទាំងបានជំរុញដល់មន្ទីរអង្គភាព ដែលពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាល ដែលជាសេនាធិការឲ្យរដ្ឋបាលខេត្ត ត្រូវធ្វើយ៉ាងណាដាក់ចេញនូវទិសដៅ ដោយបន្តលើកកម្ពស់អនុវត្តយ៉ាងសកម្ម តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ប្រឆាំង នឹងការរីករាលដាលនៃវីរុសប្រភេទថ្មីកូរ៉ូណា ឬកូវីដ១៩ (COVID-19) ដែលកំពុងកើតមានជាសកល ដោយធ្វើការយកចិត្តទុកដាក់ណែនាំអប់រំប្រជាពលរដ្ឋ អំពីវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងមេរោគ(COVID-19)ឲ្យទាន់ពេលវេលា៕