ប្រធានក្រុមការងារ ផ្ដាំផ្ញើឱ្យសមាជិកបក្សគ្រប់លំដាប់ថ្នាក់ បន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តជំរុញសកម្មភាពចិញ្ចឹមចលនានៅមូលដ្ឋាន
ខេត្តកំពត៖ប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានក្រុងកំពតបានបញ្ជាក់ថា ការគ្រប់គ្រងសមាជិកបក្សគ្រប់លំដាប់ថ្នាក់បានរឹងមាំ គឺជាចំណុចខ្លាំងនៃការរក្សាសំឡេងសន្លឹកឆ្នោតគាំទ្រឈាន យកជ័យជម្នះជូនដល់គណបក្សសម្រាប់លើការបោះឆ្នោតនៅឆ្នាំ ២០២២-២០២៣នាពេលខាងមុខ។
ការលើកឡើងបែបនេះជាប្រសាសន៍របស់ លោក សោម ចិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានក្រុងកំពត នៅក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៤២ អាណតិ្តទី៥ ដែលគណបក្សប្រជាជនក្រុងកំពត បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។
លោក សោម ចិន បានថ្លែងទៀតថា កម្ពុជាយើងបច្ចុប្បន្ន ការគ្រប់គ្រងដឹកនាំប្រទេស គឺអនុវត្ត តាមរបបនយោបាយសេរីពហុបក្ស។ដោយរាល់ការបោះឆ្នោត ទាំងសកលនិងអសកល គ្រប់អាណត្តិនីមួយៗ តែងមានគណបក្ស ជាច្រើនចូលរួមប្រកួតប្រជែងកើនឡើងជាបន្តបន្ទាប់ ទាំងការបោះឆ្នោតជ្រើសរើសតំណាងសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
លោកបានលើកទៀតថា ចាប់ពីឆ្នាំ២០២០នេះទៅគណបក្សប្រជាជន ដាក់ចេញនូវទិសដៅការងារសំខាន់ៗ ជាច្រើនបន្ថែមទៀត ក្នុងខ្លឹមសារនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥ ក្នុងនោះរួមមានការលើកកម្ពស់ស្មារតីស្នេហាជាតិ ពង្រឹងធ្លុងសាមគ្គីជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងធានានូវសិទ្ធសេរីភាព គ្រប់បែបយ៉ាង និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋដោយផ្អែកលើរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន និងបន្តលើកកម្ពស់ ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សលើមូលដ្ឋានធានានូវសន្តិភាព និងការអភិវឌ្ឍន៍ផ្សារភ្ជាប់ជាមួយការថែរក្សាអត្តសញ្ញាណជាតិជាដើម និងប្រឆាំងដាច់ខាតមិនឱ្យ ចលនាបដិវត្តន៍ពណ៌កើតឡើងវិញបានឡើយ ដោយពង្រឹងការអនុវត្តន៍ វិធានការច្បាប់ដ៏ម៉ឺងម៉ាត់ចំពោះគ្រប់អង្គការចាត់តាំងឬបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារក៏បានផ្ដាំផ្ញើឱ្យសមាជិកបក្សគ្រប់លំដាប់ថ្នាក់ បន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តជំរុញសកម្មភាពចិញ្ចឹមចលនានៅមូលដ្ឋាន និងការធ្វើវេទិការសាធារណៈ ដើម្បើបង្កើនការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជន និងរាល់អង្គការចាត់តាំងគណបក្ស ត្រូវពង្រឹងស្មារតីបក្ស គ្រប់ពេលវេលា គ្រប់ដង្ហើមចេញចូល និងក្ដាប់ជាប់នូវតួនាទីរបស់បក្ស ក្នុងការទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់ នឹងព្រមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលបោះឆ្នោតខាងមុខនេះបន្តទៀត។
ជាមួគ្នានេះ លោក សោម ចិន និងថ្នាក់ដឹកនាំក្រុមការងារក៏បានអញ្ជើញចុះពិនិត្យទីតាំងដើម្បីកសាងនៅទីស្នាក់ការគណបក្សក្រុងកំពត ដែលស្ថិតនៅក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរក្រុងកំពត ខេត្តកំពត៕