ក្រុមគ្រូពេទ្យជំនាញ របស់ចិនចំនួន៧នាក់ បានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀន អំពីការព្យាបាលជំងឺកូវីដ១៩
រាជធានីភ្នំពេញ៖ក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសចិនចំនួន៧នាក់ បានមកដល់ប្រទេសកម្ពុជាហើយនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដោយនាំមកនូវសម្ភារៈបរិក្ខាពេទ្យមកជាមួយផងដែរ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ដែលពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យនោះ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩។
ជាងនេះទៅទៀតក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេបាននាំមកនូវសម្ភារៈបរិក្ខាពេទ្យមកជាមួយ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈបរិក្ខាពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»ទៀតផង។
បើយោតាមផេកFacebook របស់សម្តេចតេជា គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។
រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ៕