បុរសជនជាតិបង់ក្លាដេស្តម្នាក់ សង្ស័យខ្យល់គរ ដេកស្លាប់ក្នុងការដ្ឋានសំណង់ ក្រុមហ៊ុនប៊ូយ៉ុង នៅភ្នំពេញ
រាជធានីភ្នំពេញ៖ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសលវិច្ច័យ ចុះពិនិត្យសាកសពបុរសជនជាតិបង់ក្លាដេស្តម្នាក់ ដេកស្លាប់នៅក្នុងការដ្ឋានសំណង់ ក្រុមហ៊ុនប៊ូយ៉ុង កាលពី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះកម្មករ សំណង់ការដ្ឋានក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញឃើញថា សពសង្ស័យខ្យល់គរ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិបង់ក្លាដេស្ត ដែលដេកស្លាប់ក្នុងការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុងនោះមានឈ្មោះ ALOM JAHANGIR ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិបង់ក្លាដេស្ត មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ BX0979936។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគឺមានមេការសំណង់បានរាយការណ៍មកថា មានមនុស្សដេកស្លាប់នៅក្នុង ចំណុចខាងលើ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍បន្តទៅខាងសមត្ថកិច្ចជំនាញ ផ្នែកកោសលវិច្ច័យដើម្បីចុះមកពិនិត្យ។ក្រោយពីពិនិត្យ និងធ្វើកោសលវិច្ច័យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូសពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយសារគាំងបេះដូង។បន្ទាប់មកបានដឹកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិបង់ក្លាដេស្ត៕