មហាជនសូមអំពាវនាវដល់ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេតាបើកការ ស៊ើបអង្កេតភាពមិនប្រក្រតី របស់លោកប្រធានស្ថានីយជញ្ជីងថ្លឹងរយន្តនៅភូមិកូនដំរី ដែលទើបនិងឡើងថ្មីនេះផង
ខេត្តបន្ទាយមានជ័យ÷ កាលកន្លងទៅថ្មីៗ គេសង្កេតឃើញថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសារធារណៈការ និង ដឹកជញ្ជូន បានដកមន្ត្រីជញ្ជីងថ្លឹងរថយន្តគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដោយសារមេជញ្ជីងថ្លឹងទាំងនោះមានភាពមិនប្រក្រតីជាបន្តបន្ទាប់។ រហូតមកដល់បច្ចុប្បន្ននេះ គេសង្កេតឃើញថា មេជញ្ជីងថ្លឹងរថយន្តត្រូវបានដាក់អ្នកថ្មីជំនួសទាំងអស់ ដើម្បីពង្រឹងនិងលុបបំបាត់អំពើពុករលួយដែលឃុបឃិតគ្នារវាងក្រុមឈ្មួញដឹកទំនិញ និង មន្រ្តីជញ្ជីងថ្លឹងរថយន្តបើកដៃឲ្យដឹកលើសចំណុះ ដើម្បីលាភសក្ការៈ ដោយមិនខ្វល់ពីការខូចខាតផ្លូវជាតិ និង ត្រូវចំណាយថវិការជាតិដើម្បីជួសជុលវិញឡើយ ។
ក្នុងនោះគេសង្កេតឃើញថា ក្នុងរយៈពេលដែលថ្នាក់លើបានដកលោក ប៉ាល់ សុមេដា ចេញពីតំណែងប្រធានស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ជំនួសដោយលោក លឿត មកទទួលតំណែងជាប្រធានស្ថានីយ៍ថ្លឹងរងយន្តកូនដំរី បានជិត១ខែនេះ ស្រាប់តែត្រូវបានគេសង្កេតឃើញថា ភាពពុករលួយនៅតែមានដដែល អត់ទាន់ឃើញលុបបំបាត់នៅឡើយនោះទេ ដោយក្នុងនោះប្រភពពីតៃកុងរថយន្តដឹកទំនិញ បានប្រាប់សារព័ត៌មានយើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ថា ពួកគាត់ដឹកទំនិញរាល់ថ្ងៃនេះ គឺនៅតែដឹកលើសចំណុះដដែលដោយបង់លុយក្រៅប្រព័ន្ធ។ ទីតាំងស្ថានីយ៍ថ្លឹងរថយន្តកូនដំរី នេះឋិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពប្រាប់ថា រថយន្តដែលបានដឹកចូលជញ្ជីងកូនដំរីដើម្បីថ្លឹង ស្ទើតែគ្រប់រថយន្តទាំងអស់សុទ្ធតែដឹកលើសចំណុះ ប៉ុន្តែមិនលើសច្រើនប៉ុន្មាននោះទេ ដោយលើសចំណុះក្នុងមួយរថយន្តចាប់ពី ២តោន ទៅ ៣តោន ឬ ៥តោន ។ហើយក្នុងនោះត្រូវបង់ថ្លៃបាយទឹកជួនមន្រ្តីជញ្ជីងថ្លឹងរថយន្តចាប់ពី ២០០០០ (ពីរមុឺនរៀល) ទៅ៣០០០០ (បីមុឺនរៀល) ។ ប្រភពបន្ថែមថា ប្រសិនបើរថយន្តណាដែលបានដឹកថ្ម ដឹកខ្សាច់ រឺទំនិញផ្សេងៗទៀតលើសចំណុះច្រើនពេក គឺមន្រ្ដីជញ្ជីងតម្រូវឲ្យទូរស័ព្ទទៅប្រាប់មុន និង មិនបាច់ចូលថ្លឹងរថយន្តឡើយ ដោយបើករថយន្តទៅហួសស្ថានីយ៍ថ្លឹងតាមធម្មតា រឺ តម្រូវឲ្យបើកផ្លូវវាងចូលតាមផ្លូវ គុត្តសត ចេញទៅតាមឃុំអូរបីជាន់ រួចបន្តដំណើរតាមផ្លូវជាតិលេខ៥៨ ដើម្បីចូលក្រុងប៉ោយប៉ែត ចំណែកឯលុយ ចាប់គិតគ្នាពេលក្រោយ ។
ពាក់ព័ន្ធនិងភាពមិនប្រក្រតីដូចខាងលើ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ លោក គឹម សុវណ្ណ ប្រធានមន្ទីរសារធារណៈ និង ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់ថា ពេលនេះគាត់កំពុងជាប់រវល់ ទៅសំភាសន៍ប្រធានស្ថានីយ៍ថ្លឹងរថយន្តកូនដំរីខ្លួនឯងទៅ ព្រោះថ្នាក់លើបានដកមន្រ្តីចាស់ៗ ជំនួសដោយមន្រ្តីថ្មីៗអស់ហើយ ដើម្បីពង្រឹង និងលុបបំបាត់ភាពពុករលួយ ។ នៅថ្ងៃទីខែឆ្នាំដដែល សារព័ត៌មាន រស្មី ជាយដែន យើងមិនអាចសុំការបំភ្លឺពីលោក លឿត ប្រធានស្ថានីយ៍ថ្លឹងរថយន្តកូនដំរីបាននោះទេ ដោយសារបានខលទៅតាមរយ:លេខទូរស័ព្ទរ089 95 96 56 បានចូលជាច្រើនដងតែគ្មានអ្នកលើក ។
ដូច្នេះមហាជនសូមអំពាវនាវដល់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូន ព្រមទាំងឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ដ្រី និងជា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាតាមដាន ស៊ើបអង្កេតភាពមិនប្រក្រតីនេះផងចុះ កុំអោយដូចពាក្យមហាជននិយាយថា (អ្នកចាស់ ក៏ដូច អ្នកថ្មី ហើយ ថ្មី ក៏ដូច អ្នកចាស់ ) ៕