ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដាក់ឲ្យអនុវត្តវិធានការពារ បង្ការទប់ស្កាត់ ដើម្បីប្រយុទ្ធប្រឆាំងនិងការឆ្លងជំងឺកូវីត១៩
ខេត្តក្រចេះ៖ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានជំរុញដល់មន្ត្រី ថ្នាក់ដឹកនាំខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ឲ្យបង្កើនការយកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលជាបន្ទាន់ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។ការដាក់វិធានការនេះ ដោយមានបញ្ហានៃការរីករាតត្បាលឆ្លងនូវជំងឺកូវីត១៩ គឺជាបញ្ហាសកលដែលពិភពលោកក៏ដូចរាជរដ្ឋាភិបាលកម្ពុជាយើងបាន និងកំពុងយកចិត្តទុកដាក់ការបង្ការ និងការទប់ស្កាត់ដោយដាក់ចេញទាំងវិធានការ នៃការអប់រំផ្សព្វផ្សាយ និងណែនាំ របស់រាជរដ្ឋាភិបាលក៏ដូចក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមអភិបាលជំរុញបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិសេស ស្តីពីការដាក់វិធានការ និងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីត១៩។
ក្នុងឱកាសនោះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានស្នើឲ្យមន្ត្រី ថ្នាក់ដឹកនាំខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត អនុវត្តវិធានការសំខាន់ៗមួយចំនួនរួមមាន៖រដ្ឋបាលក្រុងស្រុក ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃការឆ្លងជំងឺកូវីត១៩ មានដូចជា ការបិទផ្អាកជាបណ្តោះអាសន្ន នូវកន្លែងមណ្ឌលកម្សាន្ត, KTV, ការជួបជុំ ឬប្រមូលផ្តុំមនុស្សច្រើន (រួមទាំងពិធីសាសនា), ការហាមឃាត់ប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ធ្វើចរាចរឆ្លងច្រកព្រំដែន និងពិនិត្យតាមដានសភាពការណ៍ផ្សេងៗទាក់ទងនឹងការឆ្លងជំងឺកូវីត១៩។
ស្នើរឲ្យមន្ទីរសុខាភិបាល មានវិធានការបាញ់ថ្នាំដើម្បីសម្លាប់មេរោគជាបន្ទាន់ នៅតាមទីប្រជុំជន នៅតាមផ្សារ និងនៅតាមច្រកព្រំដែនជាដើម ហើយត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះការបាញ់ថ្នាំសម្លាប់មេរោគនេះ ព្រោះវាអាចចូលរួមកាត់បន្ថយអត្រានៃការឆ្លង និងបានណែនាំអោយមានការយកចិត្តទុកដាក់តាមដានសុខភាពប្រជាពលរដ្ឋ ខណៈវិរុសកូវីដ១៩ កំពុងរាលដាលនៅតាមខេត្តមួយចំនួន និងជម្រុញដល់ក្រុមគ្រូពេទ្យ មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ទន្ទឹមនឹងការព្រួយបារម្ភ និងការភ័យក្លាចឆ្លងជំងឺកូវីដ១៩នេះដែរ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំដល់សាធារណៈជនទូទៅអោយមានការការប្រុងប្រយ័ត្ន និងការពារសុខភាពខ្លួនផងដែរ។ ជាពិសេសរួមគ្នាឆ្លើយតបចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាបំពុលសង្គម ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងមិនភ័យខ្លាច៕