បុរសម្នាក់បើកគោយន្តកន្ត្រៃ ក្រឡាប់ខ្លួនឯង បណ្តាលឱ្យគិនស្លាប់ភ្លាមៗ
ខេត្តឧត្ដរមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើយ ដោយបុរសម្នាក់បើកគោយន្តកន្ត្រៃក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចខាងជើងភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ចម្ងាយ៥០០ម៉ែត្រពីកន្លែងចាក់សំរាម។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញឹម តយ ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករប្រមូលដឹកសំរាមក្នុងផ្សារបឹងត្រកួន រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក។
ប្រភពដដែរបន្តថា មុនពេលកើតហេតុជនរងគ្រោះបានដឹកសំរាមពីផ្សារក្នុងគោលបំណងយកមកចាក់ចោល នៅគំនរសំរាមក្បែរកន្លែងកើតហេតុ លើផ្លូវជាតិលេខ៥៨A លុះមកដល់ចំណុចកើតហេតុ គោយន្តបានដាច់កង់មុខខាងស្ដាំ ក៏រេចង្កូតធ្លាក់ប្រឡាយត្រូវគោយន្តសង្កត់បណ្ដាលឲ្យស្លាប់។ លុះព្រឹកម៉ោង៦ ទើបសមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករមៀត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យនិងរាយការណ៍មកជំនាញ។
ក្រោយពីធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕