អភិបាលខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាត ចុះពិនិត្យពីស្ថានភាព នៃការគ្រប់គ្រង និងការពង្រឹងកិច្ចអនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩
ខេត្តស្វាយរៀង៖ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារខេត្ត និងលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យពីស្ថានភាព នៃការគ្រប់គ្រងនិងការពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិនហៀប ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ កន្លងមកបានខិតខំអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយនឹងភាគីវៀតណាម។
ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្តបានដាក់ចេញនាពេលថ្មីៗនេះ ដោយតម្រូវឲ្យផ្អាកជាបណ្ដោះអាសន្ននូវការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមគ្រប់រូបភាព ដែលបានចូលជាធរមានរួចហើយកាលពីវេលាម៉ោង ២៣និង៥៩នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ហើយដែលវិធានការនេះ ធ្វើឡើងគ្មានអ្វីក្រៅពីគោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នបានក្លាយជារបៀបវារៈរួមរបស់ពិភពលោក តំបន់ ក៏ដូចជាប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលត្រូវរួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រភេទថ្មីនេះ។
ទន្ទឹមនេះក្នុងនាមជាអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត ឯកឧត្ដមបានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក និងមន្ត្រីមានសមត្ថកិច្ចដែលឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្តពាក់ព័ន្ធនឹងការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរវាងប្រជាពលរដ្ឋប្រទេសទាំងពីរ។
ដោយឡែកចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម ត្រូវសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីសម្រួល និងរក្សាឲ្យបាននូវស្ថិរភាពលំហូរចរាចរទំនិញនាំចេញ-នាំចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឲ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការរួមគ្នាពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមវិធានការការពារដែលណែនាំដោយចត្តាឡីស័ក ដូចជាការបាញ់ថ្នាំកម្ចាត់មេរោគលើរថយន្តដឹកទំនិញជាដើម៕