អគ្គីភ័យឆាបឆេះផ្សារបឹងកុក ក្រុងកំពង់ចាម បង្កការភ្ញាក់ផ្អើលទាំងយប់
ឆេះផ្សារបឹងកុក ក្រុងកំពង់ចាម ទាំងយប់កណ្តាលអាធ្រាត មិនដឹងពីមូលហេតុខេត្តកំពង់ចាម៖បច្ចុប្បន្ននេះ អាកាសធាតុប្រែប្រួល និងឡើងកម្តៅខ្លាំង ដែលអាចបង្កឲ្យកើតជាចំហេះ និងពិសេសនោះ ដោយសារតែបញ្ហាភាពរាំងស្ងួតទៀតផងនោះអាចជាហេតុបង្កឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុដូច្នេះគួរតែពលរដ្ឋមានការប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ។
ជាក់ស្ដែងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ មានករណីអគ្គីភ័យឆាបឆេះផ្សារបឹងកុក ស្ថិតនៅក្នុងភូមិទី៧ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏បាននាំគ្នាជួយបាញ់ទឹកពន្លត់ យ៉ាងសស្រាក់សស្រាំផងដែរពីសំណាក់អាជ្ញាធរ។
ក្រោយពីទទួលបានព័ត៌មានជុំវិញករណីអគ្គីភ័យនេះភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន១៧គ្រឿង ប្រើទឹកអស់ចំនួន៣៦សឺទែន និងប្រើប្រាស់កកម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គីភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម១៩២នាក់។
ដែលប្រតិបត្តិការនេះ គឺត្រូវចំណាយពេលវេលាអស់រយៈពេលជាង០២ម៉ោង ហើយគ្រប់គ្រងសភាពការណ៍បានទាំងស្រុង នៅវេលាម៉ោង០១និង៣៥នាទី ឈានចូលថ្ងៃទី១៤ ខែមិនានេះ ដោយមានការអន្តរាគមន៍ និងរថយន្តចំនួន០៤ ពីស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ផងដែរ។
នាឱកាសដឹកនាំកម្លាំង ចុះជួយអន្តរាគមន៍ករណីខាងលើនេះ ឯកឧត្តមអភិបាលខេត្តខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះដើមហេតុដែលអាចបង្កជាគ្រោះអគ្គីភ័យ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធបច្ចេកទេសបណ្តាញខ្សែអគ្គិសនីផងដែរ ពីព្រោះថា បច្ចុប្បន្ននេះ អាកាសធាតុប្រែប្រួល និងឡើងកម្តៅខ្លាំង ដែលអាចបង្កឲ្យកើតជាចំហេះ និងពិសេសនោះ ដោយសារតែបញ្ហាភាពរាំងស្ងួតទៀតផង ដូច្នេះបងប្អូនត្រូវមានការត្រៀមបង្ការទប់ស្កាត់ ដើម្បីបញ្ជៀសកុំឲ្យកើតមានដូចករណីខាងលើនេះផ្ទុយទៅវិញ បើមានដូចករណីនេះមែន សូមបងប្អូនត្រូវចេះសាមគ្គីភាព និងជួយគ្នា ទៅវិញ ទៅមកផងដែរ។
គួរបញ្ជាក់ផងដែរថា ចំពោះករណីគ្រោះអគ្គីភ័យនេះ ទំហំនៃការខូចខាត និងដើមហេតុ ត្រូវរង់ចាំសមត្ថកិច្ចជំនាញ ធ្វើការសនិ្នដ្ឋាន និងវាយតម្លៃពេលក្រោយ៕