ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកំពត ប្រចាំឆ្នាំ ២០១៩-២០២០ និងការត្រៀមរៀបចំកំពតសង្ក្រាន្តឆ្នាំ ២០២០
ខេត្តកំពត៖នៅព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០២០ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំការងារសំខាន់ចំនួនពីរដែលរដ្ឋបាលខេត្តកំពត ត្រៀមលក្ខណៈអនុវត្តធ្វើក្នុងខែមីនានិង ខែមេសាឆ្នាំ២០២០ខាងមុខនេះ ដែលមានការចូលរួម ដែលមានការចូលរួមអភិបាលរងខេត្តក្រុងស្រុក កងកម្លាំងទាំងបី និងមន្ទីរអង្គភាពក្នុងខេត្ត សរុប៧៦នាក់។
ការងារដែលសំខាន់ចំនួនពីរអង្គប្រជុំយកមកពិនិត្យពិភាក្សារួមមាន៖
-ទី១ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩-២០២០ ដែលរដ្ឋបាលខេត្តកំពត នឹងត្រៀមដំណើរការបើករយៈពេល០២ថ្ងៃ គឺនៅ ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២០។
-ទី២ ត្រៀមលក្ខណៈសម្បត្តិ ដើម្បីចូលរួមអបអរពិធីបុណ្យកំពតសង្ក្រាន្ត ២០២០ក្នុងពាក់កណ្ដាលខែមេសាខាងមុខ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ពាក់ព័ន្ធនឹងការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបាន របស់រដ្ឋបាលខេត្តកំពតប្រចាំឆ្នាំ២០១៩-២០២០ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ស្នើឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្តក៏ដូចជាអាជ្ញាធរក្រុង ស្រុក នៅក្នុងរយៈពេល ០២ថ្ងៃនៃអង្គសន្និបាត ត្រូវមានវត្តមានឲ្យបានទាំងអស់គ្នា។
ដោយឡែកសម្រាប់ការត្រៀមរៀបចំដំណើរការកំពតសង្ក្រាន្តឆ្នាំ ២០២០ នេះ ឯកឧត្តមជាវ តាយ អភិបាលខេត្តក៏បានជំរុញណែនាំ ដល់មន្ទីរអង្គភាព និងរដ្ឋបាលក្រុង ស្រុកក្នុងខេត្ត ពិសេស សមាជិកសមាជិកាក្នុងគណៈកម្មការនៃអនុគណៈកម្មការទាំង៦ កំពតសង្ក្រាន្ត២០២០នេះ សូមឲ្យយកចិត្តទុកដាក់ចូលរួមសហការអនុវត្ត ឱ្យបានព្រមគ្នា ដើម្បីបង្កឱកាសកំសាន្តសប្បាយ រីករាយជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមប្រកបដោយ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដោយប្រព្រឹត្តទៅឲ្យបានរលូនទទួល និងលទ្ធផលជោគជ័យ ឲ្យបានដូច ឬល្អជាងឆ្នាំកន្លងទៅផងដែរ៕