ជនសង័្សយចំនួន០២នាក់ គាស់សោទ្វារផ្ទះប៉ុនប៉ងលួចយកទ្រព្យសម្បត្តិពលរដ្ឋ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃ ព្រហស្បត្តិ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន បានដឹកនាំបញ្ជាកម្លាំងនគរបាលក្នុងផែនដែលមានលោកវរសេនីយ៍ទោឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង័្សយបានចំនួន០២នាក់ ក្នុងករណី(គាស់សោទ្វារផ្ទះ)ប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលមានទីលំនៅក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផុន វ៉ាន់និត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ ជុំ សុខឃឿន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សម្ភារៈវត្ថុតាងដែលដកហូតបានរួមមាន៖
- ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន0១គ្រឿង
- កាំភ្លើងជ័រពណ៌ខ្មៅចំនួន០១ដើម
- ទូរស័ព្ទដៃចំនួន០២គ្រឿង
- កាបូបលុយពណ៌ខ្មៅចំនួន០១
- កាំបិតផ្លែឡាមពណ៌ក្រហមចំនួន០១ដើម
- មួកសុវត្ថិភាពចំនួន០២។
បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួនិងស្រាវជ្រាវស្វែងរកអ្នកពាក់ពន្ធ័ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនិតិវីធី៕