ក្រុមក្មេងទំនើង ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កភាពអសន្តិសុខ នៅក្នុងសង្គម តាមផ្លូវសាធារណៈ ត្រូវបាននគរបាលឃាត់ខ្លួនមកអប់រំ និងធ្វើកិច្ចសន្យា
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឲ្យមានស្ថេរភាពនៅតាមដងផ្លូវសាធារណៈ ពិសេសគឺទប់ស្កាត់ការបង្កគ្រោះថ្នាក់ចរាចរណ៍ផងនោះ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចក្រុងសិរីសោភ័ណ បានធ្វើការឆ្មក់បង្រ្កាបក្រុមក្មេងទំនើង ជាសិស្សសាលានាំគ្នាបង្ហោះម៉ូតូបង្កភាពអសន្តិសុខ នៅក្នុងសង្គម តាមផ្លូវសាធារណៈនៅចំណុចផ្លូវ៧មករា ស្ថិតក្នុងភូមិដីឡូដ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនបានចំនួន១៧នាក់ រួមនឹងម៉ូតូផងដែរ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានឲ្យដឹងថា នេះគឺជាលើកទី២ដែលកម្លាំង នគរបាលក្រុងសិរីសោភ័ណ បានបង្រ្កាបក្រុមក្មេងទំនើងជាសិស្សសាលាចេញពីរៀនធ្វើសកម្មភាពបង្ហោះម៉ូតូ។ជាក់ស្តែងល្ងាចថ្ងៃខែខាងលើកម្លាំងបានធ្វើបង្រ្កាបករណីក្មេងទំនើងតែងតែ បង្ហោះម៉ូតូតាមទីសាធាណៈ បានចំនួន១៧នាក់ និងម៉ូតូ១១គ្រឿង។ក្នុងនោះសិស្សជាក្មេងទំនើងមកពី វិទ្យាល័យសិរីសោភ័ណចំនួន៣នាក់,អនុវិទ្យាល័យទឹកថ្លាចំនួន៥នាក់,វិទ្យាល័យមង្គលបូរី ចំនួន២នាក់,វិទ្យាល័យបត់ត្រង់ចំនួន៤នាក់,វិទ្យាល័យអូរអំបិល១នាក់ និងឈប់រៀន ២នាក់(ថ្នាក់ទី១០ ចំនួន២នាក់,ថ្នាក់ទី៩ចំនួន៧នាក់,ថ្នាក់ទី៨ចំនួន៣នាក់ និងថ្នាក់ទី៧ចំនួន៣នាក់)។
ក្រុមក្មេងទំនើងទាំងនេះ កម្លាំងនគរបាលក្រុងបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចកោះហៅឪពុកម្តាយ ឬអាណាព្យាបាលមកធ្វើការធានាយកទៅអប់រំបន្ត តែបើមានជាលើកក្រោយ នគរបាលនិងអនុវត្តតាមវិធានការដ្ឋបាល៕