ឯកឧត្តម ម៉ុម សារឿន អញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៥ ដើម្បីជំរុញដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់
ខេត្តស្ទឹងត្រែង៖ដើម្បីជំរុញដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ជាយថាហេតុ ដោយសាគ្រោះអគ្គីភ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យលើកទី៥ ដើម្បីជំរុញដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។
ទិវានេះបានប្រព្រឹត្តទៅនៅទីធ្លាមុខសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ សិស្សានុ សិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះកផងដែរ។
ទិវាបង្ការ និងពន្លត់អគ្គិភ័យនេះ ពិតជាមានសារៈសំខាន់បំផុតដែលបានឆ្លុះបញ្ចាំងឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចក្នុងខេត្តបានយល់ពីការខិតខំយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាបណ្តាអង្គភាព និងស្ថាប័នពាក់ព័ន្ធកងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យដែលបានចូលរួមការពារអាយុជីវិត ទ្រព្យសម្បត្តិរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍បានផ្តាំផ្ញើ និងអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ មន្ត្រីរាជការ និងវិស័យឯកជនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យកើតមានអគ្គិភ័យនេះ ក្នុងនោះដែរអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ក៏ត្រូវបង្កើននូវការចាត់វិធានផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យបណ្តាម្ចាស់គេហដ្ឋានក្រុមហ៊ុនសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើម ឲ្យមានការប្រុងប្រយ័ត្ននូវគ្រប់វិនាទីចំពោះដើមចោទដែលអាចបង្កកើតមានអគ្គិភ័យដូចជាភ្លើងចង្ក្រានភ្លើងចង្កៀង ភ្លើងទៀន ធូប ភ្លើងព្រៃ ភ្លើងបារី រំសែវជាតិផ្ទុះ ប្រេងឥន្ធៈ ឧស្ម័ន ចំហេះសារធាតុគីមីដែលជាវត្ថុងាយឆេះសំខាន់លើបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គីសនីនៅតាមលំនៅដ្ឋានសណ្ឋាគារផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និង ក្លឹបកំសាន្តជាដើម។
ក្នុងនោះដែរក៏មានការបង្ហាត់បង្ហាញអំពីសកម្មភាពស្តីពីការពន្លត់អគ្គិភ័យព្រមទាំងធ្វើសមយុទ្ធក្នុងការពន្លត់ អគិ្គភ័យជូនដល់គណៈអធិបតីនិងអង្គពិធីទាំងមូលបានទស្សនាផងដែរ។
ទន្ទឹមនោះដែរឯកឧត្តម អភិបាលខេត្តក៏បានធ្វើការកោតសរសើរដល់កងកម្លាំងនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានសហការគ្នាល្អក្នុងការខិតខំយកចិត្តទុកដាក់ចូលរួមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះអគ្គិភ័យបានទាន់ពេលវេលា៕