សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ប្រារព្ធទិវាជាតិសុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោមប្រធានបទ «សុខភាពកុមារកម្ពុជានាពេលអនាគត»
ខេត្តកែប៖កាលពីព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជាខេត្តកែប បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោមប្រធានបទ"សុខភាពកុមារកម្ពុជានាពរលអនាគត" ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិកាសាខា អនុសាខា មន្រ្តីសាខា មន្រ្តីមណ្ឌលសុខភាព អភិបាលក្រុង ក្រុមប្រឹក្សាក្រុង អជ្ញាធរមូលដ្ឋាន យុវជនកាកបាទក្រហមកម្ពុជា និងស្ត្រីមានផ្ទៃពោះ ,ស្រ្តីមានកូនតូច៥០នាក់ នៅសាលប្រជុំសាលាក្រុងកែប ខេត្តកែប។
ក្នុងឱកាសនោះ ឯកឧត្ដម កែន សត្ថា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូន ក្មួយៗជា ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចដែលបានចូលរួមក្នុងកម្មវិធី។ជាមួយគ្នានេះ ឯកឧត្ដម កែន សត្ថា បានអានសាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្របពេលដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារពី អង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្ញើរជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្រ្តីមានផ្ទៃពោះ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ដោយសូមឱ្យ ស្រ្តីមានផ្ទៃពោះ ទាំងអស់ ប្រតិបត្តិតាមប្រការដូចខាងក្រោម ៖
១-សូមឱ្យស្រ្តីមានគភ៌ទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេ ទ្យឆ្មប ជំនាញនៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះតាមកាលកំណត់ទទួលយក សេវាបង្ការ ព្យាបាលទាំងអស់ឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញ និងស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងមេរោគស្វាយ ដើម្បីលុបបំបាត់ ពិការភាព និងការចម្លងជំងឺទាំងពីរនេះពីម្តាយទៅកូន។
២-សូមទៅសម្រាលកូននៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យ ឆ្មបជំនាញទទួល បានការបណ្តុះបណ្តាលត្រឹមត្រូវ។
៣-សូមអញ្ជើញទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការកំណត់របស់គ្រូពេទ្យ។
៤-សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយ ការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
៥-សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺ រលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាល នៅមន្ទីរពេទ្យ។
ឯកឧត្ដម កែន សត្ថា បានបន្ថែមថា ការធ្វើឱ្យមានការប្រែប្រួល រីកចម្រើនស្ថានភាពសុខភាព ស្ត្រី និងកុមារ គឺមិនមែនមានតែតួអង្គណាម្នាក់អាចធ្វើតែ ម្នាក់ឯងបានទេ ដែលការងារនេះ តម្រូវឱ្យមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ និងធនធានគ្រប់ផ្នែក ជាពិសេសការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់បុគ្គលជាស្ត្រីគ្រប់រូប ដែលត្រូវថែទាំខ្លួនឯង និងទទួលអាហារូបត្ថម្ភត្រឹមត្រូវ ប្តេជ្ញារួមគ្នាកាត់បន្ថយអត្រាមរណៈរបស់ស្ត្រីនិងទារក នៅពេលសម្រាល។
សូមបញ្ជាក់ជូនថា អំណោយផ្តល់ជូន ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ (មានអាវយឺត៦) ឃីតអនាម័យ១កញ្ចប់មាន ( សាប៊ូដុំ២ ដុំ,ថ្នាំដុសធ្មេញ១ដបធំ, ច្រាសដុសធ្មេញ២,ប្រេងកូឡា១ដប,កន្សែងពោះគោ១,ទឹកដោះគោឆៅ១ឡូ) និងថវិកា ៥ម៉ឺនរៀល៕