រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២០
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំ អគារ"ឃ"សាលាខេត្ត រដ្ឋបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានមន្ទីរ-អង្គភាព ប្រធានក្រុមប្រឹក្សា អភិបាល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ និងអធិការក្រុង ស្រុក ទាំង៨ ប្រធានច្រកទ្វារ និងសមត្ថកិច្ចឈរជើងនៅតាមព្រំដែន មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្មៀនឃុំ-សង្កាត់ ទាំង៨០ និងមន្រ្តីរាជការសាលាខេត្ត សរុបប្រមាណ៤០០នាក់។
មានប្រសាសន៍បើកក្នុងអង្គសន្និបាតនេះ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយការទទួលខុសត្រូវ ស្របតាមតួនាទី និងភារកិច្ច ច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ធ្វើឲ្យរដ្ឋបាលខេត្តធានាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សារណៈល្អប្រសើរ ជាពិសេសសម្រេចបាននូវសមិទ្ធផលនានាជាច្រើនបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានមានមតិផ្ដាំផ្ញើដល់អង្គសន្និបាតនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១-បច្ចុប្បន្នភាព និងវិធានការរបស់ក្រសួងសុខាភាបាលជុំវិញការបង្ការជម្ងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Covid19។
២-មន្ទីរ-អង្គភាព ត្រូវធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព ល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន ផ្តល់ផលច្រើនជាងមុន។
៣-អាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈរៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀងឆ្នាំ២០២០នេះ។
៤-ត្រូវបន្តចូលរួមសហការថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម បង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបាននូវបទល្មើសនានាដែលកើតឡើង។
៥-ត្រូវបន្តការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
៦-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ខ្លួនឲ្យមានប្រសិទ្ធភាពស្របតាមអភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែនគឺឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់។
៧-ពង្រឹងកិច្ចការ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដោយធានានូវប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋ។
៨-អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងកិច្ចការងារបង្ការទប់ស្កាត់គ្រោះថ្នាក់ដោយអគ្គីសភ័យដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវប្រាំងនេះ។
៩-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព។
១០-ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ យកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារ បន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
១១-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជៀសអោយឆ្ងាយនូវកុំចំនួន៤យ៉ាងគឺ កុំពាក់ព័ន្ធ កុំធ្វើជាបង្អែក កុំបន្ធូបន្ថយ កុំអន្តរាគមន៍។
១២-ត្រូវរួមគ្នាទប់ស្កាត់ការរំលោភបំពានដីរបស់រដ្ឋដែលមិនទាន់បានវាស់វែងត្រឹមត្រូវតាមផ្លូវច្បាប់។
នៅក្នុងសន្និបាតនេះ ក៏មានបទអន្តរាគមន៍របស់មន្ទីរ-អង្គភាពមួយចំនួនបានលើកឡើងអំពីបញ្ហាប្រឈម និងវឌ្ឍនៈភាពការងាររបស់ខ្លួនផងដែរ ៕