តុលាការខេត្តសៀមរាប ឃុំខ្លួនបុរសម្នាក់ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ Covid-19
រាជធានីភ្នំពេញ៖បុរសម្នាក់ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការរាលដាល នៃជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ Covid-19 ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមដីការបង្គាប់របស់តុលាការខេត្តសៀមរាប នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។
បើយោងតាមដីការបស់លោក មុយ សុភ័ក្រ្ត ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានបង្គាប់ឲ្យសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ភុត ថុនា ហៅឡន លី ទៅពន្ធនាគារខេត្តសៀមរាប ដោយអនុវត្តន៍ត្រឹមត្រូវតាមនីតិវិធី។
ជនត្រូវចោទមានឈ្មោះថា ភុត ថុនា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់កង់បី ទីកន្លែងកំណើតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយទីលំនៅមុនពេលឃាត់ខ្លួន នៅភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប។បុរសរូបនេះត្រូវបានចោទប្រកាន់ពីបទ (ក្លែងព័ត៌មាន) ប្រព្រឹត្តនៅលើបណ្តាញសង្គម Facebook ស្ថិតនៅក្រុងសៀមរាប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងតាមបញ្ញត្តិមាត្រា៤២៥។
ដោយមានការអនុញ្ញតពីលោកស្នងការនគរបាលខេត្តសៀមរាប និងសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប,កងកម្លាំងនគរបាល ផែនការងារសន្តិសុខ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសហការណ៍ជាមួយអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលសង្កាត់ស្លរក្រាម បានចុះទៅធ្វើការនាំខ្លួនម្ចាស់គណនីហ្វេសប៊ុក(ឡន លី គ្រួសាររីករាយ) ឈ្មោះ ភុត ថុនា ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម ទាក់ទងនឹងបញ្ហារាលដាល Covid-19កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០កន្លងទៅ។
ក្រោយការសាកសួរសាមីខ្លួនបានសារភាព ចំពោះមុខសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់៕