ខេត្តកំពង់ចាម បានទទួលម៉ូតូរ៉ឺម៉កកង់បី ដឹកជញ្ជូនសំរាមចំនួន៤គ្រឿង ពីក្រសួងបរិស្ថាន
ខេត្តកំពង់ចាប៖នៅរសៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មន្ទីរបរិស្ថានខេត្តកំពង់ចាមរៀបចំពិធីប្រគល់ ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង ក្រោមអធិបតីភាពឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។
ខេត្តកំពង់ចាមបានទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាមចំនួន៤គ្រឿង ពីក្រសួងបរិស្ថាន និងត្រូវបែងចែក ផ្ដល់ជូនដល់រដ្ឋបាលក្រុងកំពង់ចាមចំនួន១គ្រឿង រដ្ឋបាលស្រុកជើងព្រៃ១គ្រឿង រដ្ឋបាលស្រុកចំការលើចំនួន១គ្រឿង និងមន្ទីរបរិស្ថានខេត្តចំនួន១គ្រឿង ។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា រដ្ឋបាលក្រុង ស្រុក ដែលទទួលបានម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម នេះត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅធានាយ៉ាងណាដោះស្រាយបញ្ហាគ្រប់គ្រងសំរាមឱ្យបានល្អប្រសើរ។
ក្នុងនោះឯកឧត្តមបានថ្លែងអំណរគុណដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាសំរាមទីសាធារណៈ និងបានផ្ដល់ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាមចំនួន៤គ្រឿងដល់ខេត្តកំពង់ចាម។
ឯកឧត្តមចាយសាមិត្តថ្លៃងថាការផ្តល់ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាមនេះជាវិធានការ១ក្នុងវិធានការជាច្រើនរបស់ក្រសួងបរិស្ថាន ក្នុងការដោះស្រាយបញ្ហាសំរាម សំណល់រឹងទីប្រជុំជន ។ មិនតែប៉ុណ្ណោះឯកឧត្តមមានប្រសាសន៍ថា ក្រសួងនឹងផ្ដល់ទាំងធនធានសម្ភារៈ ថវិកា និងចំណេះជំនាញដល់រដ្ឋបាលក្រុងស្រុកធ្វើយ៉ាងណាឱ្យរដ្ឋបាលក្រុងស្រុកជាម្ចាស់ក្នុងការគ្រប់គ្រង សំរាម សំណល់របស់ខ្លួន៕