កម្ពុជាបានត្រៀមថវិកាប្រមាណ ៨០០ ទៅ២,០០០ លានដុល្លារ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩
រាជធានីភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេក រហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មាន មិនពិតពីក្រុមជនអគតិមួយចំនួន។ត្រូវមានសេចក្តីក្លាហាន និងមានការពិចារណាឱ្យបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីឌ-១៩ នេះផងដែរ។
សម្តេចតេជោមានប្រសាសន៍បែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាប័ត្រជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដាចំនួន៣,៤៥៨នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០។
ក្នុងនោះសម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី៨០០ ទៅ ២,០០០លានដុល្លារអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ នៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោបានណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើបងប្អូនមានអាការៈសុខភាពខុសពីប្រក្រតីដូចជាអាការៈក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវតែសហការឱ្យបានល្អជាមួយមន្ទីរពេទ្យដែលកំពុងរង់ចាំបម្រើបងប្អូន។
ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗរួមទាំងជំងឺកូរីឌ-១៩ បងប្អូនត្រូវតែមានអនាម័យរស់នៅល្អទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ។ទម្លាប់ធ្វើអនាម័យជាប្រចាំបែបនេះ នឹងធ្វើឱ្យប្រទេសយើងក្លាយទៅជាប្រទេសដែលមានប្រជាពលរដ្ឋមានអនាម័យគ្រប់ៗគ្នាមិនខាន៕