ឆ្លងចរន្តចេញពីម៉ូទ័រក្រឡុកលាយថ្នាំលាប បណ្តាលឱ្យបុរសជាជនជាតិវៀតណាមម្នាក់ស្លាប់
រាជធានីភ្នំពេញ៖កាលពីវេលាម៉ោងជាង០៧ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយពលរដ្ឋបានប្រទះឃើញបុរសជាជាងពិដានជនជាតិវៀតណាមម្នាក់ បានស្លាប់ នៅក្នុងបុរីអាកាសចរណ៍ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារតែឆក់ខ្សែភ្លើងដែលឆ្លងចេញពីម៉ូទ័រក្រឡុកលាយថ្នាំលាប។
សពបុរសមានឈ្មោះ ឡា គឹមសាន(ហៅឡឺយ)អាយុ៣១ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិខ្មែរ មុខរបរជាងពិដាន ស្នាក់នៅផ្ទះលេខ៧៦៧C ផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែកផ្ទះល្វែង ដែលកំពុងដំណើរការជួសជុលនោះ មានកម្ពស់៣ជាន់ ដែលមានម្ចាស់ឈ្មោះ ហេង សុខលី អាយុ៣១ឆ្នាំ រស់នៅភូមិជ្រៃកោង ស្រុកកំណើត នៅខេត្តកណ្តាល។
បើតាមបុរសជាងសំណង់ មានទីលំនៅផ្ទះលេខ២៦ ផ្លូវលំភូមិព្នៅ ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានឱ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ខណៈដែលរូបគាត់ រួមជាមួយជាងសំណង់ផ្សេងទៀត ឈប់សម្រាកនាំគ្នាទៅផ្ទះ ក៏បានឃើញជនរងគ្រោះនៅធ្វើការម្នាក់ឯង មិនទាន់ទៅផ្ទះនោះទេ ហើយក៏មិនបានដឹងគាត់មានរឿងអ្វីកើតឡើងនោះដែរ លុះដល់វេលាម៉ោងជាង៧ព្រឹកថ្ងៃទី១០ ខែមីនា ខណៈដែលគាត់ទៅធ្វើការដល់ការដ្ឋានសំណង់ផ្ទះខាងលើ ហើយឡើងទៅលើជាន់ទី៣ បានប្រទះឃើញជនរងគ្រោះដេកអោបម៉ូទ័រក្រឡុក ថ្នាំលាបពិដាននៅទីនោះ។
ពេលនោះ គាត់ក៏ចូលទៅមើលទើបដឹងថា ជនរងគ្រោះត្រូវម៉ូទ័រឆក់ស្លាប់ ទើបគាត់ដកឌូយម៉ូទ័រចេញ រួចរត់ចុះក្រោមស្រែកប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ក្រោយទទួលបានដំណឹងខាងលើនេះហើយ នគរបាលប៉ុស្តិ៍កាកាបទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលជាក់ស្ដែង ព្រមទាំងរាយការបន្តទៅកាន់ខាងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕