រដ្ឋបាលខេត្តកែប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត
ខេត្តកែប៖នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប ក្រោមអធិបតីភាពឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ សមាជិក សមាជិកាគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប សរុបប្រមាណ៣៦៨នាក់។
នៅក្នុងរបាយការណ៍របស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប ដែលបង្ហាញដោយ លោក អ៊ឹង ឆាយ អភិបាលស្តីទី និងជាអនុប្រធានគណៈម្មាធិការ បានបញ្ជាក់ថា នៅខេត្តកែបក្នុងរយៈពេលមួយឆ្នាំ២០១៩ នេះ មិនមានគ្រោះមហន្តរាយអ្វីកើតឡើងគួរអោយគត់ស្គាល់នោះទេ គឺមានជំនន់ទឹកភ្លៀង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងខូចខាតផ្លូវមួយចំនួន។
ខ្យល់ព្យុះនិងខ្យល់កន្រ្តាក់ គ្រោះថ្នាក់ ចរាចរណ៍ មានការកើនឡើងលើសឆ្នាំ២០១៨ គួរអោយកត់សម្គាល់។នៅមូលដ្ឋានខេត្តកែប ក៏មានគ្រោះអគ្គីភ័យកើតឡើងដែរ ដែលបណ្តាលឲ្យឆេះព្រៃ និងដំណាំរួមផ្សុំផ្សេងៗទៀត ប៉ុន្តែគ្រោះថ្នាក់ផ្សេងៗ មានការថយចុះ បើធៀបជាមួយឆ្នាំ២០១៨។
លោកអភិបាលខេត្តស្តីទី ក៏បានបន្ថែមទៀតថា ដោយឡែកនៅដើមឆ្នាំ២០២០ មានករណីបាក់រលំអគារកម្ពស់៧ជាន់(ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០) បណ្តាលឲ្យកម្មករ កម្មការនី របួសនិងស្លាប់ចំនួន៥៩នាក់ ក្នុងនោះ រងរបួសធ្ងន់ស្រាល២៣នាក់ និងស្លាប់មានចំនួន៣៦នាក់។
ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា របាយការណ៍លទ្ធផលនេះ ជាចំនួនមួយតិចតួច បើបៀបជាមួយខេត្តជិតខាងរបស់ខេត្តកែប ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏យើងត្រូវតែយកចិត្តទុកដាក់ ដោយប្រើយន្តការដែលបានបង្កើត ប្រើប្រាស់ធនធានដែលយើងមាន ដើម្បីត្រៀមទប់ស្កាត់ និងបង្ក្រាគ្រោះមហន្តរាយដែលបាន និងកើតឡើង។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដឹកនាំផ្ទាល់ដោយអភិបាលខេត្ត និងមានសមាសភាពអភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត សាខាកាកបាទក្រហមខេត្ត នាយករដ្ឋបាល និងនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សរុបចំនួន៣៦នាក់ និងសមាសភាពលេខាធិការដ្ឋានចំនួន៩នាក់ គឺជាកំលាំងស្នូលដែលមិនអាចខ្វះបាន៕