សម្តេចតេជោ ហ៊ុន សែន៖សន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រទេសមានសន្តិភាព ទើបធ្វើឱ្យពុទ្ធសាសនា រីកចម្រើនមកដល់ពេលនេះ
រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវក្តីមោទនភាព ចំពោះប្រទេសកម្ពុជាយើង ដែលមិនកើតមាននូវជម្លោះសាសនាឡើយ ដែលខុសពីបណ្តាប្រទេសនានាមួយចំនួន ដែលតែងតែកើតមាននូវជម្លោះសាសនា។សម្តេចតេជោបន្តថា សន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រទេសមានសន្តិភាព ទើបធ្វើអោយពុទ្ធសាសនារីកចម្រើនមកដល់ពេលនេះ។
សម្តេចតេជោមានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី នៅព្រឹកថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។
សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលបានទទួលស្រោចស្រពព្រះសុគន្ធវារីនោះរួមមាន៖ ១៖សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១។
២៖សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២និង។
៣៖សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។
សម្តេចតេជោ ហ៊ុន សែន មានក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គនាពេលនេះ។ទន្ទឹមនឹងនេះដែរ តេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់នូវការកត់សំគាល់មួយចំនួន នៃរួមចំណែកក្នុងវិស័យពុទ្ធចក្រ៖
១៖តាមរយៈក្របខណ្ឌនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺបានធានានូវសុខសន្តិភាព ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលធ្វើអោយវិស័យទាំងពីររីកចម្រើនទន្ទឹមគ្នា។
២៖ប្រជាពលកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការជ្រើសរើសជំនឿសាសនារបស់របស់ខ្លួនទៅតាមការជឿជាក់ទៅលើសាសនានោះ ដោយគ្មានការបង្ខិតបង្ខំ។
៣៖ដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ទើបធ្វើអោយពួកគាត់មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានគ្រប់ទីកន្លែង នឹងធ្វើអោយព្រះពុទ្ធសាសនានេះកាន់តែរីកចម្រើនទៅមុខ។
៤៖នៅពេលដែលវិស័យអាណាចក្រមានការរីកចម្រើនហើយនោះ វិស័យពុទ្ធចក្រមានក៏មានការរីកចម្រើនទៅតាមហ្នឹងដែរ៕