បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយបើកម៉ូតូឆ្លងផ្លូវជាតិ ត្រូវឡានបុកពេញទំហឹង
ខេត្តកំពង់ស្ពឺ៖ដោយសារការបើកបរថយន្តខ្វះការប្រុងប្រយត្ន័ បើកបុកបុរសជាអ្នកបើកបរម៉ូតូម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងជិះម៉ូតូឆ្លងផ្លូវជាតិ។
ហេតុការនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៣ និង៧៤ ស្ថិតនៅក្នុងភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមមន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ឈ្មោះ ង៉ែត សៅរី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានជិះម៉ូតូមួយគ្រឿងម៉ាកវេវអែស ពណ៍ទឹកប៊ិចគ្មាន ផ្លាកលេខបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជិះម៉ូតូឆ្លងជាតិ ក៏ស្រាប់តែរថយន្តមួយគ្រឿង ម៉ាកនីសាន់ពណ៍ស ពាក់ផ្លាកលេខKPS.0137ចង្កូតស្តាំបើកបរពីកើតទៅលិច អ្នកបើកបរមានឈ្មោះ ចាន់ វណ្ណនី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗតែម្តង។
ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្ត ដើម្បីដោះស្រាយគ្នា។ចំណែក សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធីជាក្រោយ៕