កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ ជូនពលរដ្ឋ ខ្វះខាតក្នុងជីវភាព ១៣៩គ្រួសារ មកពីឃុំស្ដើងជ័យ
ខេត្តកំពង់ចាម៖បច្ចុប្បន្ននេះបញ្ហារគ្រោះអគ្គិភ័យ កំពុងរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ ដោយសារតែការធ្វេសប្រហែសរបស់បងប្អូនតែបន្ទិច បង្ករឱ្យមានហានិភ័យចំពោះទ្រព្យសម្បត្តិ របស់យើងក៏ដូចជាភូមិ ឃុំ យើងផងដែរ។ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះអគ្គិភ័យ បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហារភ្លើងចង្រ្កាន អគ្គិសនី និងប្រភពដែលបង្កើតអោយមានអគ្គិភ័យកើតឡើង។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម ខេត្តកំពង់ចាមមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តមដឹកនាំមន្ត្រីក្រោមឱវាត រួមមានឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងជីវភាពចំនួន១៣៩គ្រួសារ មកពីឃុំស្ដើងជ័យ និងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖បញ្ហារគ្រោះអគ្គិភ័យគឺជាចំណុចសំខាន់ក្នុងអំឡុងពេលនេះក្នុងរដូវប្រាំងនេះ។ជាមួយគ្នានោះដែរឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការជឿទុកចិត្តចំពោះអាជ្ញាធររបស់ខ្លួន ក្នុងការអភិវឌ្ឍន៍មូលរដ្ឋាន ក៏ដូចជាការដឹងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក និងមានតម្រូវការឱ្យអាជ្ញាធរជួយដោះស្រាយ។ជាពិសេស អាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យដឹងថា តើពួកគាត់ត្រូវការអ្វី ចង់បានអ្វី ដើម្បីឲ្យស្របទៅតាមអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមន្ត្រីរាជការជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង១៣៩គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២បាវ៤០គ.ក្រ,ត្រីខ១០កំប៉ុង,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៣ម៉ឺនរៀល៕