អ្នកបើកបររថយន្តម្នាក់ បានរងរបួសធ្ងន់ ដោយរថភ្លើង បុករថយន្តដឹកដី បណ្តាលឱ្យរថយន្តក្រឡាប់
ខេត្តតាកែវ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថភ្លើង បុករថយន្តដឹកដីក្រឡាប់ បណ្តាលឱ្យអ្នកបើកបររថយន្តម្នាក់ បានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានរថភ្លើងបង្កដឹកប្រេងមួយគ្រឿងធ្វើដំណើរមកដល់ចំណុចខាងលើក៏បុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយដឹកដី ពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខ 3A-0317 បើកបរដោយឈ្មោះ ជូន ប្រសិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ខណៈដែលកំពុងបើកឆ្លងផ្លូវរថភ្លើងហើយដាក់កាសទូរស័ព្ទក្នុងត្រចៀកស្តាប់ចម្រៀងមិនបានឮរថភ្លើងស៊ីផ្លេ និងមិនបានមើលឆ្វេងស្តាំឲ្យបានត្រឹមត្រូវ។
ករណីនេះធ្វើឲ្យរថយន្តខ្ទាតពីផ្លូវរថភ្លើងជាង១០ម៉ែត្រ ក្រឡាប់ផ្អៀងមួយចំហៀង និងធ្វើឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកបាទី ឯរថភ្លើងបានបន្តដំណើរទៅមុខទៀតរង់ចាំមានដំណោះស្រាយពេលក្រោយតាមផ្លូវច្បាប់ ជាមួយភាគីរថយន្ត៕