ឯកឧត្តម ជាវ តាយ អញ្ជើញជាអធិបតី ក្នុងពិធីទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ"ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត "
ខេត្តកំពត៖ការប្រារព្ធអបអរទិវាជាតិទីក្រុងស្អាត នាពេលនេះគឺក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីទីក្រុងស្អាត ពិសេសការបំផុសស្មារតីដល់ប្រជាពលរដ្ឋឱ្យមានការចូលរួម សំអាតទីក្រុងកំពត ឲ្យមានសោភ័ណភាពស្រស់បំព្រងសាកសមជាទីក្រុង ដែលទទួលបានជ័យលាភីផ្ការំដួលបីទង និងជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត មានប្រសាសន៍បែបនេះក្នុងឱ្យកាសដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីអបអរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ"ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត " នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នៅពហុកីឡដ្ឋានខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុងសង្កាត់ សិស្សនិស្សិត និងប្រជាពលរដ្ឋប្រមាណជាង១៤០០នាក់។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានបន្តអានសារលិខិត របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងឱកាសអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០។
ក្រោយពីបានបញ្ចប់អង្គពិធីរួចមក ឯកឧត្តម ជាវ តាយ រួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាពលរដ្ឋក៏បានចុះធ្វើការសម្អាតអនាម័យ តាមដងផ្លូវសួនសាធារណៈក្នុងក្រុងកំពតផងដែរ៕