វគ្គផ្សព្វផ្សាយ ស្ដីពីច្បាប់សំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ និងវិស័យឯកជនក្នុងខេត្តកំពត
ខេត្តកំពត៖ខេត្តកំពតក្រោមកិច្ចសហការរៀបចំឡើងដោយក្រុមការងារក្រសួង និងមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ខេត្ត នៅព្រឹកថ្ងៃពុធ ៤កើតខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ បានបើកវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ និងវិស័យឯកជនក្នុងខេត្តកំពត ក្រោមធិបតីភាពឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ តំណាងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។
មានសន្ទរកថាស្វាគមន៍ ឯកឧត្តម ជាវ តាយអភិបាលខេត្ត បានសំដែងអំណរគុណដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីជាសុ ផារ៉ា ដែលបានយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គផ្សព្វផ្សាយច្បាប់សំណង់ ដ៏មានសារសំខាន់នេះឡើង ដើម្បីបញ្ជ្រាបជូនដល់អាជ្ញាធរអ្នកពាក់ព័ន្ធ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ក្នុងគោលបំណងពង្រឹងគុណភាព និងសុខមាលភាពដល់អ្នកប្រើប្រាស់។
ពាក់ព័ន្ធនឹងវិស័យសំណង់ ក្នុងខេត្តកំពតឯកឧត្តមជាវ តាយ អភិបាលខេត្ត ក៏បានលើកឡើងឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ខេត្តកំពតបានបង្កើតគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ ដោយមានកិច្ចសហការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធ ធ្វើឲ្យវិស័យសំណង់ក្នុងខេត្តមានសន្ទុះរីកចម្រើន និងមានលក្ខណៈល្អប្រសើរ។
ជាលទ្ធផលរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុកបានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន២៣៨ គម្រោង ដែលមានផ្ទៃក្រឡាសរុប៩០.២៩៩ម៉ែត្រការ៉េ ទុនវិនិយោគសរុប៣១៨៧ ៣០០ដុល្លារអាមេរិក បើប្រៀបធៀបនៅឆ្នាំ២០១៨ មានកំណើន៨០% ដោយមានត្រឹមតែ១៤២ គម្រោងមានផ្ទៃក្រឡាសរុប៥២.០០៨ ម៉ែត្រការ៉េ មានទុនវិនិយោគ១៧.៧២២.៥៨៦ដុល្លារអាមេរិក៕