ឃាត់ខ្លួនប្អូនថ្លៃប្រុស វាយសម្លាប់បងថ្លៃស្រី នឹងកាប់ដៃ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម
ខេត្តកំពង់ធំ៖ដោយសារជនសង្ស័យមានសតិមិននឹងនរ និងជាមនុស្សបែកថ្នាំផងនោះ ទើបវាយសម្លាប់បងថ្លៃស្រីនឹងចបកាប់ដី បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ខណៈដែលប្តីជនរងគ្រោះ(បងបង្កើតជនបង្ក) បានឌុបឪពុកទៅរកថ្នាំនៅម្តុំវត្តប្រាសាទអណ្តែតឲ្យប្អូនផឹក គឺចំងាយប្រហែល៣គីឡូម៉ែត្រ។
ករណីដែលគួរឱ្យរន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សពជនរងគ្រោះមានឈ្មោះ ជា សុផល ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ដែលមានប្តីឈ្មោះ សយ ស៊ីន អាយុ៤៣ឆ្នាំ មានកូនចំនួន៤(បួន)នាក់។រីឯជនបង្កមានឈ្មោះ សយ សួ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ រស់នៅជាមួយគ្នា។
ពាក់ពន្ធ័ករណីខាងលើនេះបើតាមការបំភ្លឺពីប្តីជនរងគ្រោះ ដែលត្រូវជាបងបង្កើតជនបង្កបានបញ្ជាក់ថា ប្អូនរបស់គាត់(ដែលជាជនបង្ក)ទើបតែមកពីភ្នំពេញបានចំនួន៤ប្រាំថ្ងៃ គឺមានអាការៈមិនប្រក្រតី គឺនិយាយមិនសូវដឹងខុសត្រូវ ចេះតែដើរមិនចូលផ្ទះ។
ប្តីជនរងគ្រោះបញ្ជាក់ថា មុនពេលកើតហេតុខ្លួន(ប្តីជនរងគ្រោះ)បានឌុបឪពុកទៅរកថ្នាំនៅម្តុំ វត្តប្រាសាទអណ្តែត ដើម្បីឲ្យប្អូនផឹក គឺចំងាយប្រហែល៣គីឡូម៉ែត្រ ដោយប្រពន្ធដេកនៅក្រោមផ្ទះ លុះត្រលប់មកផ្ទះវិញឃើញប្រពន្ធដេកស្លាប់នៅលើគ្រែរក្រោមផ្ទះ ដោយឃើញស្នាមបែកលើក្បាលជាច្រើនកន្លែង។
ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញខេត្ត និងស្រុកព្រមទាំងពេទ្យមណ្ឌលសុខភាព បានចុះដល់ទីកន្លែងកើតហេតុពិនិត្យសាកសព ឃើញមានស្លាកស្នាមរបួសជាច្រើនកន្លែងនៅចំណុចក្បាលលើផ្ទៃមុខ។សមត្ថកិច្ចជំនាញ សដ្ឋានថាជនរងគ្រោះស្លាប់ បណ្ដាលមកពីការប៉ះទង្គិចនឹងវត្ថុរឹងចំក្បាលនិងផ្ទៃមុខ។នៅកន្លែងកើតហេតុរកឃើញវត្ថុតាងចបកាប់ដីចំនួន១។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីជនសង្ស័យមានសតិមិននឹងនរ ដោយមានសារធាតុញៀន(បែកថ្នាំ)។បច្ចុប្បន្នជនបង្កដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ ត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ដោយឡែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕