មន្រ្តីសាខាកាំកុងត្រូល ខេត្តកណ្តាល ចុះត្រួតពិនិត្យសុវត្ថិភាព ផលិតផលម្ហូប អាហារ នាំចូលពីប្រទេសថៃ ដែលដាក់តាំងលក់នៅក្នុងពិពណ៌កម្ពុជា-ថៃ នៅស្រុកកៀនស្វាយ
ខេត្តកណ្តាល៖ដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋផ្នែកអនាម័យនិងចំនីអាហារ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល បានសហការណ៍ជាមួយ មន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងតំណាងក្រុមហ៊ុនរៀបចំតាំងពិពណ៌ បាននាំយករថយន្តមន្ទីរ ពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ចុះត្រួតពិនិត្យសុវត្ថិភាព ផលិតផលម្ហូបអាហារ រួមមាន ប្រហិតសាច់គោ ប្រហិតកញ្ចប់ថៃ សាច់ក្តាម បង្កាស្រស់ គុយទាវ តំណាប់ផ្លែឈើ និងនំស្រួយនាំចូលពីប្រទេសថៃ ដែលដាក់តាំងលក់នៅក្នុងពិពណ៌កម្ពុជា-ថៃ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងការចុះនេះ ក្រុមការងារបានយកគំរូផលិតផលម្ហូបអាហារចំនួន១៥គំរូ រួមមានប្រហិតសាច់ក្តាម ប្រហិតត្រី ហតដក(hot dog) ប្រហិតសាច់គោ គុយទាវ បង្កា បញ្ជូនមករថយន្តមន្ទីរពិសោធន៍ចល័ត ជាលទ្ធផល ពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគំរូផលិតផលទាំងនោះទេ។
ក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើកិច្ចសន្យា ជាមួយអាជីវករដែលតាំងលក់នំស្រួយ និងតំណាប់ផ្លែឈើ ដែលដាក់តាំងលក់ពុំមានផ្លាកសញ្ញា និងរយៈពេលប្រើប្រាស់ត្រឹមត្រូវតាមលក្ខណៈច្បាប់ និងផ្សព្វផ្សាយអំពីរបៀបតាំងលក់ផលិតផលម្ហូប អាហារ និងការដាក់ស្លាកតំលៃផលិតផលជាប្រាក់រៀលជូនដល់អាជីវករផងដែរ៕