ស្ត្រីម្នាក់បានស្លាប់ យ៉ាងអាណោចអធម នៅក្នុងភ្លួកភ្លើង ដោយសារអគ្គីភ័យឆាបឆេះផ្ទះ
រាជធានីភ្នំពេញ៖អគ្គីភ័យលេបត្របាក់ ផ្ទះពលរដ្ឋធ្វើអំពីឈើប្រក់ស័ង្កសីចំនួន១៥ខ្នង គ្មានសល់ រយះពេលតែមួយពព្រិកភ្នែកកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរសង្កាត់ ខណ្ឌ និងសមត្ថកិច្ចចម្រុះបានប្រញ៉ាប់ប្រញ៉ាល់ហៅរថយន្តពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់ និងបង្ការអគ្គីភ័យអស់ជាច្រើនគ្រឿង បានធ្វើឲ្យអគ្គីភ័យរលត់ទៅវិញក្នុងរយៈពេលប្រមាណជាង១ម៉ោងក្រោយមក។ប៉ុន្តែអ្វីដែលគួរឲ្យអាណោចអធមនោះ ក្រោយអគ្គិភ័យរលត់ទាំងស្រុងនោះគេបានប្រទះឃើញសាកសពស្ត្រីម្នាក់ស្លាប់ ដោយឆេះខ្លោចមើលមិនយល់ ហើយដែលគេស្គាល់ថា ឈ្មោះ អម ស្រីមុំ អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលដែលឆេះនោះ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញផ្ទះមួយខ្នង ដែលឆេះដំបូងគេ គឺនៅជាប់នឹងផ្ទះដែលឆេះកាលពីជាង១ខែមុន ឆេះយ៉ាងសន្ធោសន្ធៅហើយក៏ឆេះរាលដាលទៅផ្ទះជាប់ៗគ្នានោះយ៉ាងលឿនតែម្តង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលឆេះអស់ចំនួន១៥ខ្នងនិង៨០បន្ទប់ជួលដោយមូលហេតុគេដាក់ការសង្ស័យថា បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ពេលកំពុងដាំសម្លរ ទើបបង្កជាអគ្គិភ័យឆាបឆេះបែបនេះ៕