សម្តេចតេជោ ហ៊ុន សែន៖ក្រោយពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ គឺការប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់ ក្លាយទៅជាតំន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍន៍
ខេត្តបន្ទាយមានជ័យ៖ក្រោយពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះហើយ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ គឺសម្តេចតេជោបានដាក់ចេញនូវគោលដៅពីរសំខាន់
គោលដៅទី១៖គឺការប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់ឱ្យក្លាយទៅជាតំន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍន៍ និងគោលដៅទី២៖គឺការប្រែក្លាយតំបន់ព្រំដែនទាំងអស់ឱ្យទៅជាព្រំដែនដែលមានសុខសន្តិភាព តំបន់ទីផ្សារ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយក្តីមោទនភាពចំពោះនយោបាយ ឈ្នះ ឈ្នះ ដែលសម្តេចបានដាក់ចេញកាលពីចុងឆ្នាំ២៩៩៨ ហើយផ្តើមចេញពីគោលនយោបាយ ឈ្នះ ឈ្នះ នេះហើយ ដែលបានពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវនេះបានចំណោយថវិកាសាងសង់ប្រមាណ១២២.៩៨លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយបញ្ហាផលប៉ះពាល់នានា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករជាដើម។ផ្លូវជាតិមួយខ្សែដ៏វែងនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) និងមានទទឹង១០ម៉ែត្រ។ផ្លូវមួយខ្សែនេះក៏ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប១,៥៧៤ម៉ែត្រ ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន ដោយប្រើរយៈពេលសាងសង់ចំនួន៤៣ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៩។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ផ្លូវជាតិលេខ៥៨នេះ ដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធសាស្រ្តមួយសម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចផង ការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាងរឹងមាំនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃ ពីព្រោះផ្លូវនេះបានតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅនឹងខេត្តឧត្តរមានជ័យ ស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់ទីក្រុងប៉ោយប៉ែត ដែលជាទីក្រុងដ៏មានសក្តានុពល និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏សំខាន់។ផ្លូវជាតិនេះ អាចសម្រួលដល់ការផ្លាស់ប្តូរផលិតផល សកម្មភាពពាណិជ្ជកម្ម និងសុខាភិបាល រវាងប្រជាពលរដ្ឋថៃ និងកម្ពុជា ហើយក៏អាចសម្រួលដល់វិស័យទេសចរណ៍ពីប្រទេសថៃមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាបផងដែរ៕