ចាត់បញ្ជូនមន្រ្តីនគរបាលចំនួន៤៦នាក់ ទៅបំពេញភារកិច្ច នៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុកនិងវរសេនាតូចការពារព្រំដែនគោក បន្ទាប់ពីបញ្ជប់ការសិក្សា
ខេត្តបាត់ដំបង៖ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ពៅ ថាវុធ ស្នងការរងបានអញ្ជើញជាអធិបតីក្នុងការបែងចែកភារកិច្ចដល់មន្រ្តីនគរបាលចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន៤៦នាក់ ឲ្យទៅបំពេញភារកិច្ចតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក និងវរសេនាតូចនគរបាលការពារព្រំដែនគោកចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្នងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី នាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រី អធិការ អធិការរងនគរបាលក្រុង ស្រុក និងមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
សូមបញ្ជាក់ផងដែរថា មន្រ្តីនគរបាលជាតិចំនួន៤៦នាក់ ក្នុងនោះនគរបាលនារីចំនួន០៩នាក់ ដែលបានបញ្ជប់ការសិក្សានៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបងនាពេលកន្លងទៅ ត្រូវបានបំពេញភារកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មួយរយៈពេលដើម្បីទទួលនូវបទពិសោធន៍ការងារជាក់ស្តែង មុនពេលចាត់តាំងឲ្យទៅបំពេញភារកិច្ចនៅតាមបណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលកំពុងត្រូវការចាំបាច់នូវកម្លាំងរបស់នគរបាលក្នុងការចូលរួមសហការណ៍អនុវត្តនូវតួនាទី និងភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕