តើពិតដែរឬទេ..? ថាសិប្បកម្មជាច្រើនកន្លែងនៅក្រុងប៉ោយប៉ែត គឺជាប្រភពផ្ដល់ចំណូលរបស់លោក នូវ និល នាយ សង្កាត់ រដ្ឋបាល ព្រៃឈើ......
បន្ទាយមានជ័យ÷ សិប្បកម្មកែច្នៃឈើមួយកន្លែង បាននាំចូលឈើប្រណីតជាច្រើនឆ្នាំមកហើយ ដឹកមកពីបណ្តាខេត្តផ្សេងៗដើម្បី យកមកកែច្នៃធ្វើជា គ្រឿងសង្ហារឹមលក់ ចែកចាយក្នុងក្រុងប៉ោយប៉ែត និងតាមបណ្តាខេត្ត ក្រុង ផ្សេងៗ ដោយសង្ស័យថា សិប្បកម្មនេះមិនមានច្បាប់អនុញ្ញាត និង ឈើដែលនាំចូលមកកែច្នៃសុទ្ធតែជាឈើដែលខុសច្បាប់។ សូមបញ្ជាក់ថាសិប្បកម្មខាងលើនេះស្តិតនៅក្នុងភូមិមិត្តភាពសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្បែរផ្សារហ៊ុយឡេង។
ប្រភពបានឲ្យដឹងថា សិប្បកម្មកែច្នៃឈើខាងលើនេះបានផ្ទុក និង នាំយកឈើសុទ្ធតែមានទំហំធំៗយកមកកែច្នៃ ហើយដោយឈើខ្លះនៅជារូបរាងដើមឈើស្រស់ៗនៅឡើយ។ ចំពោះបញ្ហានេះគេនៅមិនទាន់ឃើញលោក នូវ និល នាយសង្កាត់រដ្ឋព្រៃឈើទទួលបន្ទុក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និង ក្រុងប៉ោយប៉ែត ចុះបង្រ្កាបម្តងណាឡើយ។ ដោយគេសង្ស័យថាលោកនូវនិលអាច និងបានទទួលផលប្រយោជន៍ពីកន្លែងសិប្បកម្មកែច្នៃឈើទាំងនោះ ទើបរក្សាភាពស្ងៀមស្ងាត់មកជាច្រើនឆ្នាំយ៉ាងដូច្នេះ។
ប្រភពដាច់ដោយឡែកមួយបានបង្ហើបឲ្យដឹងថា នៅក្នុងក្រុងប៉ោយប៉ែតនេះ គឺមានឈើប្រណីតជាច្រើនកន្លែងទៀតនៅក្នុងក្រុងប៉ោយប៉ែត គឺគេតែងតែសង្កេតឃើញមានរថយន្តសេរីទំនើបៗបានដឹកចេញចូលរាល់យប់ដើម្បីយកស្តុបទុក និង ដឹកទៅចែកចាយបន្ត។ ប្រភពបន្តថា ឈើដែលស្តុបទុកនៅក្នុងប៉ោយប៉ែយមេះគឺជាឈើរបស់មេឈ្មួញ (សូមលាក់ឈ្មោះសិន) គឺជាមេឈ្មួញឈើនាំចេញពីប្រទេសថៃចូលមកកម្ពុជា ដើម្បីយកមកចែកចាយក្នុងប្រទេសកម្ពុជាយ៉ាងរលូន មិនឃើញមន្ត្រីជំនាញ និង ស្ថាប័នពាក់ព័ន្ធរូបណាហ៊ានចេញមុខទប់ស្កាត់ រឺ បង្រ្កាបឡើយ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត សូមអំពាវនាវដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណកម្មការប្រឆាំងបទល្មើសព្រៃឈើ គួរតែបើកស៊ើបអង្កេតលើសកម្មភាពរបស់លោក នូវ និល នាយសង្កាត់រដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែតនេះផងចុះទាន។ បើមិនដូច្នោះទេការលំហូរចូលឈើខុសច្បាប់មកក្រុងប៉ោយប៉ែត គឺនៅតែបន្តធ្វើសកម្មភាពបានយ៉ាងរលូន ហើយព្រៃឈើ ប្រាកដជាវិនាសហិនហោចជាក់ជាមិនខាន។
ពាក់ព័ន្ធទៅនិងបញ្ហាដូចខាងលើនៅពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០/៤០នាទី សារព័ត៌មានយើង
បានខលទៅដើម្បីសុំការបំភ្លឺពីលោក នូវ និល តាមរយ: លេខទូរស័ព្ទ012 55 55 84 ខលចូលជាច្រើនដង តែលោកមិនទទួលនោះទេ៕ ទោះបីជាយ៉ាងណាក៏ដោយអង្គភាពគេហទំព័ររស្មីជាយដែនយើងរង់ចាំការបំភ្លឺពីលោក នូវ និល នាយសង្កាត់រដ្ឋបាលព្រៃឈើរៀងរាល់ម៉ោងធ្វើការ៕