ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីលួចទុយោស្ពាន់ម៉ាស៊ីនត្រជាក់
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងករណីលួច ត្រូវបានអាវុធហត្ថខេត្តបញ្ជូនខ្លួនទៅតុលាការខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីឃាត់ខ្លួន តាមពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឌុច លាងហេង ភេទប្រុស អាយុ២៣ឆ្នាំ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចទុយោស្ពាន់ម៉ាស៊ីនត្រជាក់នៅចំណុចខាងលើ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ភ័ណ វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅមិនពិតប្រាកដ ព្រមទាំងដកហូតបានទុយោស្ពាន់ចំនួន០១ដុំ ហើយនាំយកមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
ក្រោយពីសាសួរចម្លើយរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានលួចកាត់ទុយោម៉ាស៊ីនត្រជាក់ខាងលើនេះពិតប្រាកដមែន ហើយក៏ធ្លាប់លួចពីមុនមកច្រើនដងផងដែរ។ដោយបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធខេត្ត ចាត់ការបន្ត រួចបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់តែម្តង៕