ស្រ្តីជាអាជីវករមានផ្ទៃពោះ៦ខែ ម្នាក់ត្រូវសន្តិសុខផ្សារត្រីប្រើអំពើហិង្សាបង្ករការភ្ញាក់ផ្អើល........
ក្រុងប៉ោយប៉ែត÷ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សន្តិសុខផ្សារ និង ជាប្រជាការពារភូមិប៉ាលិលេយ្យ១ សង្កាត់/ក្រុង ប៉ោយប៉ែត បានវាយស្ត្រីអាជីវករលក់ក្តាមម្នាក់ផ្អើលពេញផ្សារអគ្គ: ឥលូវស្រ្តីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត រួចរាល់ហើយ ។
ស្រ្តីរងគ្រោះត្រូវបានគេដឹងថាមានឈ្មោះ ស៊ាន សេងលី អាយុ៣៣ ឆ្នាំ មានមុខរបរលក់ក្តាម នៅមុខផ្លូវចូលទៅផ្សារអគ្គ: ហៅ (ផ្សារត្រី) បច្ចុប្បន្នរស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំនែកឯជនបង្ករមានឈ្មោះ យ៉ាត យត ភេទប្រុស ដែលត្រូវបានគេដឹងថា ជាប្រជាការពារភូមិប៉ាលិលេយ្យ១ ហើយត្រូវបានម្ចាស់ផ្សារអគ្គ:ជួលមកឲ្យការពារផ្សារ និង ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារ។
តាមប្រភពពីក្រុមអាជីវករដែលជួលមុខផ្ទះរបស់ពលរដ្ឋលក់ដូរនៅតាមបណ្តោយផ្លូវចូលទៅផ្សារអគ្គ: ហៅ( ផ្សារត្រី ) បានប្រាប់អោយដឹងថា ពិតជាបានឃើញបុរសជាប្រជាការពារនោះបានប្រើហឹង្សាទៅលើស្រ្តីរងគ្រោះមែន ដោយយកច្រវ៉ាក់វាយ។ ក៏ប៉ុន្តែសំណាងល្អមានអាជីវករច្រើននាក់បាននាំគ្នាជួយចាប់ទាយសន្តិសុខទើបសន្តិសុខ (វាយចំតែដៃស្រ្តីរងគ្រោះ មិនមានរបួសធ្ងន់ធ្ងរនោះទេ តែជនរងគ្រោះប្រាប់ថា មានអការ:ឈឺក្នុងពោះ) បើសិនមិនមានអ្នកជួយហាមឃាត់ទេនោះមិនដឹងបែកក្បាលប៉ុន្មានថ្នេរនោះទេ ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងបន្តថា ដំបួងឡើយប្អូនរបស់គាត់ បានបើកកង់បីដឹកក្តាមមួយចានដែកយកទៅឲ្យជនរងគ្រោះលក់នៅចំនុចកើតហេតុ លុះពេលទៅដល់ភ្លាមមិនទាន់បានលើកក្តាមចុះពីលើកង់បីផង ស្រាប់តែសន្តិសុខ( ជនបង្ករ) បានយកច្រវ៉ាក់មកចាក់កង់ម៉ូតូមិនឲ្យទៅណារួច ទើបបង្ករជម្លោះពាក្យសម្តីនិងឈានដល់ការប្រើអំពើហឹង្សារតែម្តង ។ ក្រុមអាជីវករប្រាប់ថា អ្នកណាៗក៏ដឹងដែរថា សន្តិសុខមួយរូបនេះ គឺមានអាកប្បកិរិយានិងគ្មានសុជីវធម៌ក្នុងការនិយាយស្តីនោះទេ ហើយតែងតែយកច្រវ៉ាក់ដើរចាក់ម៉ូតូណាដែលចតនៅតាមផ្លូវចូលផ្សារមិនថា ចត ទិញឥវ៉ាន់មួយភ្លែត រឺ ចតយូរនោះទេ ហើយបើចង់ឲ្យដោះសោរច្រវ៉ាក់វិញ លុះត្រាតែបង់លុយទើបដោះលែង។ ប្រភពបន្តថា បើសិនជាក្រុមសន្តិសុខផ្សារ ចាប់ត្រី ចាប់ មាន់ របស់ពួកគាត់ហើយ ទាល់តែម្ចាស់ត្រី និង ម្ចាស់មាន់នោះទៅបង់លុយចាប់ពី ២មុឺនរៀល ទៅ៤មុឺនរៀល ៥មុឺនរៀល ទៅតាមតិចរឺច្រើន ទើបអាចដោះលែងវិញ។
តាមប្រភពពីអាជីវករបន្ថែមថា ពួកគាត់លក់ដូរនៅតាមជញ្ចើមផ្លូវនិងមុខផ្ទះពលរដ្ឋសព្វថ្ងៃនេះ គឺដោយសារគ្មានទីផ្សារ ឬ កន្លែងលក់ ទើបពួកគាត់សម្រេចជួលមុខផ្ទះរបស់ពលរដ្ឋដែលនៅតាមបណ្តោយផ្លូវចូលទៅផ្សារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ អាជីវករបន្តថា បើមិនឲ្យពួកគាត់លក់ដូរនៅតាមបណ្តោយផ្លូវចូលទៅផ្សារអគ្គ:បន្តទៀត គួរណាម្ចាស់ផ្សារនិងអាជ្ញាធរភូមិ សង្កាត់ និង ក្រុង រកកន្លែងឲ្យគាត់លក់ផងទៅគឺចប់រឿងហើយ ។ ហើយម្យ៉ាងវិញទៀត ពួកគាត់បន្តថា បច្ចុប្បន្នពួកគាត់ពឹងផ្អែកជួលមុខផ្ទះពលរដ្ឋដើម្បីលក់ដូរ ដោះស្រាយជីវភាពគ្រួសារ បើមិនឲ្យពួកគាត់លក់បន្តទៀត ចឹងពួកគាត់មានតែធ្វើការចំណាកស្រុកទៅប្រទេសជិតខាង ធ្វើជាកម្មករសុីឈ្នួលគេ ! តែពួកគាត់មិនចង់ចំណាកស្រុកទៅធ្វើជាកម្មករលីសែងនោះទេ។
តែទោះជាយ៉ាងណាក៏ដោយមហាជននិងអាជីវករជាច្រើននាក់ កំពុងរង់មើលចំណាត់ការ រឺ នីតិវិធីរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ថាតើ អាចជួយរកយុត្តិធម៌ជួនស្រ្តីរងគ្រោះបានរឺអត់? ។
ពាក់ព័ន្ធបញ្ហាដូចខាងលើសារព័ត៌មានយើងមិនអាចស្វែងរកការបំភ្លឺពីម្ចាស់ផ្សារអគ្គ: ហៅ (ផ្សារត្រីបាននោះទេ) ព្រោះគ្មានលេខទូរស័ព្ទ។ អង្គភាពយើងរីករាយទទួលការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។ នៅមានវគ្គបន្ត៕