ស្ត្រីវ័យ៧១ឆ្នាំម្នាក់ ដែលត្រូវបានគេសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ពេលនេះឃាតករចាប់ខ្លួនបានហើយ នៅស្រុកសូទ្រនិគម
ខេត្តសៀមរាបៈករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិស្ត្រីវ័យ៧១ឆ្នាំម្នាក់ នៅស្រុកសូទ្រនិគម ពេលនេះឃាតករ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាល ស្រុកសូទ្រនិគម តាមប្រមាញ់ចាប់ខ្លួនបានហើយ។
ករណីអំពើលួចមាន ស្ថានទោស ដោយប្រើប្រាស់អាវុធសាមញ្ញ កើតហេតុនៅចំណុចត្រពាំងរូង ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ទៅលើជនរងគ្រោះ ឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ដោយជនរងគ្រោះ បានបាត់បង់ទ្រព្យសម្បត្តិ រួមមាន:មាសសន្លឹកចំនួន៣តម្លឹង,ខ្សែក មាសមួយខ្សែទម្ងន់១តម្លឹង,ចិញ្ចៀនមាស២វង់ ទំងន់២ជី និងលុយចំនួន៧លានរៀល។
ការឃាត់ខ្លួនឃាតករនេះ បានធ្វើឡើងនៅ រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិ ដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប។
ជនសង្ស័យ ឈ្មោះ ម៉ូវ ភា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ តាមការសាកសួរ ជនសង្ស័យ បានសារភាពថា គាត់ពិតជាបានប្រព្រិត្តបទល្មើស ខាងលើ ពិតប្រាកដមែន មូលហេតុ ដែលគាត់សម្លាប់ ជនរងគ្រោះ ព្រោះខ្លួនចាញ់ល្បែង និងជំពាក់ប្រាក់គេច្រើន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕