ឯកឧត្តម ជាវ តាយ បានដឹកនាំកិច្ចប្រជុំ ចង្អៀតគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត
ខេត្តកំពត៖នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំចង្អៀតគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណ:កម្មការ ទប់ស្កាត់ការរីករាលដាល និងត្រួតពិនិត្យជម្ងឺកូវីត១៩ និងផ្សព្វផ្សាយសារសម្លេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាល កងកំលាំងទាំង៣ លោកប្រធានមន្ទីរ អង្គភាពពាក់ពន្ធ័ និងលោកអភិបាលក្រុង ស្រុកទាំង៨។ក្នុងកិច្ចប្រជុំនេះបានបង្កើតគណ:កម្មការ និងអនុណ:កម្មការ នៅតាមបណ្តាក្រុងស្រុកទាំង៨ ដែលមានអភិបាលរងខេត្តជាប្រធានអនុគណ:កម្មការ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
- បន្តរៀបចំត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក ០៨ទីតាំង ស្មើនឹង ១៥៨បន្ទប់
- ត្រូវចុះពិនិត្យតាមដាន ត្រួតពិនិត្យជាប្រចាំ ទៅតាមទីតាំងដូចជា អាជីវកម្ម សេវាកម្មទេសចរណ៍គ្រប់ប្រភេទទីផ្សារ ទីប្រជុំជន គ្រឹះស្ថានសាធារណៈ និងឯកជនគ្រឹះស្ថានសាសនានានា មន្ទីរសម្រាកព្យាបាលជំងឺ កន្លែងសប្បាយ កន្លែងកីឡា និងកន្លែងលក់ដូរគ្រប់ប្រភេទ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការអនុវត្តនូវវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
- ត្រូវចុះអប់រំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់អាជីវកម្ម បងប្អូនប្រជាពលរដ្ឋ អំពីវិធានការអនាម័យ និងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាពសង្គម តាមវិធានរបស់ក្រសួងសុខាភិបាល នៅតាមមន្ទីរ-អង្គភាព គ្រឹះស្ថានសាធារណៈ និងឯកជន គ្រឹះស្ថានសាសនានានា កន្លែងផ្តល់សេវាគ្រប់ប្រភេទ អាជីវកម្ម សេវាកម្មទេសចរណ៍គ្រប់ប្រភេទ ទីផ្សារ និងកន្លែងលក់ដូរគ្រប់ប្រភេទ។
- ក្នុងករណីរកឃើញម្ចាស់ទីតាំងមិនបានបំពេញកាតព្វកិច្ចក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត គណៈកម្មការមានសិទ្ធិផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។
- គណៈកម្មការ អនុគណៈកម្មការ ត្រូវចាត់តាំងកម្លាំងចុះតាមដាន ត្រួតពិនិត្យការអនុវត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងនៅមណ្ឌលចត្តាឡីស័ក៕