រដ្ឋបាលស្រុកជីក្រែង បើកយុទ្ធនាការចែកម៉ាស់ ដែលជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ជូនដល់ប្រជាពលរដ្ឋ
ខេត្តសៀមរាប៖ថ្នាក់ដឹកនាំរដ្ឋបាលស្រុកជីក្រែង ដឹកនាំដោយលោក យន់ ស៊ីភន ប្រធានក្រុមប្រឹក្សាស្រុក លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុក និងដោយមានការចូលរួម លោក លោកស្រីថ្នាក់ដឹកនាំស្រុក ក្រុមយុវជនសសយក ស្រុក និងអ្នកពាក់ព័ន្ធ កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បាននាំយកម៉ាស់ដែលជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
នៅក្នុងយុទ្ធនាការចែកម៉ាស់នេះ បងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ អន្តរជាតិ បានធ្វើការសាទរ ថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូយកចិត្តទុកដាក់ខ្ពស់ពីសុខភាពប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៍ ដែលចូលមកកាន់ខេត្តប្រវត្តិសាស្ត្រមួយនេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចនូវ៣ចំណុច សាមញ្ញៗគឺ៖
១.កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា
២.កុំភ្លេច ជែល អាកុល ឬលាងដៃនឹងសាប៊ូ
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។
រដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរស្រុកសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕