ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ លោតទឹកទន្លេលេងលិចបាត់ ឪពុកម្តាយ ជួលខ្មែរឥស្លាមរាវរកអស់ជាច្រើនម៉ោង ទើបប្រទះឃើញសាកសព នៅចំណុចច្រាំងទន្លេក្បាលជ្រោយចង្វារ
រាជធានីភ្នំពេញ៖ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ លោតទឹកទន្លេលេងលិចបាត់ បង្ករឲ្យមានការភ្ញាក់ផ្អើល ឪពុកម្តាយ បានជួលខ្មែរឥស្លាមចុះរាវរកអស់ជាច្រើនម៉ោង ទើបប្រទះឃើញសាកសពកាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចច្រាំងទន្លេក្បាលជ្រោយចង្វារ មុខសណ្ឋាគារសុខា ស្ថិតនៅក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សាកសពមានឈ្មោះ ផល្លី តារារាជ ហៅ វិទូ អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៤ រៀននៅសាលាបឋមសិក្សាសាកួរ៉ា ក្បាលជ្រោយចង្វារ ស្នាក់នៅក្បែរកន្លែងកើតហេតុ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសដែលបានលង់ទឹក លិចបាត់រកសពពុំឃើញតាំងពីវេលាម៉ោង១២ថ្ងៃត្រង់ ខណ:ពេលដែលក្មេងរូបនោះរួមជាមួយក្មេងប្រុសម្នាក់ទៀត លោតទឹកហែលលេង នៅក្បាលជ្រោយចង្វារ មុខព្រះបរមរាជវាំងក្បែរសណ្ឋាគាសុខា។បន្ទាប់លិចបាត់ ក្មេងម្នាក់ ក៏បានទៅប្រាប់ក្រុមគ្រួសារ ហើយក៏បាននាំគ្នារាវរកអស់ជាច្រើនម៉ោងរកពុំឃើញ ព្រមទាំងជួលជនជាតិខ្មែរឥស្លាមមុជរាវរកក្នុងតម្លៃ១ពាន់ដុល្លារ ទើបរាវរកឃើញ នៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។បន្ទាប់ពីប្រទះសពកូន ឪពុកនិងម្តាយក៏យំស្រែក និងអាល័យកូនដែលបានស្លាប់ទាំងវ័យក្មេងបែបនេះ។សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃនៅឈាបនដ្ឋានវត្តប្រជុំសារគរ៕