អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត
ខេត្តកណ្ដាល៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់កងកម្លាំងនគរបាលខេត្តកណ្ដាល ត្រូវកែប្រែឥរិយាបថពីអ្នកគ្រប់គ្រង ឲ្យទៅជាអ្នកផ្ដល់ ឬបម្រើសេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំង៤ គឺឆន្ទះម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។
ឯកឧត្តមអភិបាលខេត្ត បញ្ចាក់បន្ថែមថា កងកម្លាំងនគរបាលទាំងអស់ទូទាំងខេត្តកណ្ដាល ត្រូវខិតខំបង្ក្រាបល្បែងស៊ីសង បងតូចបងធំ និងបទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានសំដែងនូវការកោតសរសើរចំពោះកងកម្លាំងនគរបាលខេត្តកណ្ដាល ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ អនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងបានការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ឥស្សរជន និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ តាមរយ:អនុវត្តនូវគោលនយោបាយ"ភូមិ ឃុំ មានសុវត្ថិភាព" បានយ៉ាងល្អប្រសើរនាពេលកន្លងមក៕