កិច្ចប្រជុំបុរេលក្ខណៈសម្បត្តិក្រុមហ៊ុន ឬអ្នកទទួលការ ដើម្បីចូលរួមក្នុងកិច្ចលទ្ធកម្ម គម្រោង មូលនិធិ ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងគម្រោងផ្សេងៗទៀត សម្រាប់ឆ្នាំ២០២១
ខេត្តសៀមរាប៖លោក ចឹក គឹមជុន នាយករងរដ្ឋបាល សាលាខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំបុរេលក្ខណៈសម្បត្តិក្រុមហ៊ុន ឬអ្នកទទួលការ ដើម្បីចូលរួមក្នុងកិច្ចលទ្ធកម្ម គម្រោងមូលនិធិ ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងគម្រោងផ្សេងៗទៀត សម្រាប់ឆ្នាំ២០២១។
កិច្ចប្រជុំនេះបានធ្វើឡើងនៅបន្ទប់ប្រជុំលេខ១ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីបច្ចេកទេស មន្ត្រីការិយាល័យ គាំទ្រមូលដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ សរុបចំនួន៣៥នាក់ ក្នុងគោលបំណង ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃទៅលើពាក្យស្នើសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះក្រុមហ៊ុន ឬអ្នកទទួលការ សម្រាប់ឆ្នាំ២០២១ របស់បណ្តាក្រុមហ៊ុន ឬអ្នកទទួលការ ដែលមានបំណងចូលរួមក្នុងកិច្ចលទ្ធកម្មគម្រោងមូលនិធិក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងគម្រោងផ្សេងៗទៀត។
ដោយផ្អែកទៅលើសៀវភៅណែនាំស្តីពីការអនុវត្តគម្រោង មូលនិធិឃុំ សង្កាត់ និងសេចក្តីសម្រេចលេខ០៩១/២០ស.ស.រ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត តម្រូវឱ្យគណៈកម្មការបុរេលក្ខណៈសម្បត្តិក្រុមហ៊ុន ឬអ្នកទទួលការ របស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២១ ត្រូវធ្វើការរៀបចំកិច្ចប្រជុំគណៈកម្មការបុរេលក្ខណៈសម្បត្តិក្រុមហ៊ុន ឬអ្នកទទួលការ៕