ឯកឧត្ដម ជាវ តាយ ដឹកនាំកិច្ចប្រជុំ ឆ្លងគណ:កម្មាធិការរៀបចំដែនដី នគរូបនីកម្ម ដើម្បីពិនិត្យប្លង់សុរិយោដី នៃការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ
ខេត្តកំពត៖ដើម្បីកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំឆ្លងគណ:កម្មាធិការរៀបចំដែនដី នគរូបនីកម្ម ដើម្បីពិនិត្យប្លង់សុរិយោដី នៃការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ។
ពិធីនេះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ទីចាត់ការអន្តរវិស័យ លោកចៅសង្កាត់ត្រើយកោះ និងមន្ត្រីសុរិយោដី សរុប២៥នាក់។ក្រោយពីស្តាប់បទបង្ហាញ និងរបាយការណ៍របស់មន្រ្តីជំនាញសុរិយោដី និងមតិចូលរួមរបស់មន្ទីរពាក់ព័ន្ធរួចមក ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា គណ:កម្មាធិការរៀបចំដែនដី នគរូបនីកម្មត្រូវយកចិត្តទុកដាក់រៀបចំប្លង់សុរិយោដី នៃការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធឲ្យគ្រប់ជ្រុងជ្រោយ នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ឲ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើនូវសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕