យុវជនជាម្ចាស់ម៉ូតូ រងរបួសបាក់ជើង ដោយសាររថយន្តដឹកខ្សាច់បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន
ខេត្តកំពង់ស្ពឺ៖ដោយសាតែការបើកបរមានការថ្វេសប្រហេស បានបណ្តាលឲ្យយុវជនម្នាក់បានរងរបួសបាក់ជើងម្ខាង ហើយត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ ខណៈដែលជិះម៉ូតូម្នាក់ឯង ត្រូវបានរថយន្តធុនធំដឹកខ្សាច់បើកបរក្នុងល្បឿនលឿន បុកចំពីមុខពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៦ ទៅលេខ៧៧ ក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
បើតាមនគរបាលចរាចរណ៍ស្រុកឱរ៉ាល់បាននិយាយឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា(ឌ្រីមសង់)C125ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ស្ពឺ1P.2104 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិចអ្នកបើកបរមានឈ្មោះសុខ ចន្នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ម្នាក់ឯង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿម៉ាកពុយស៊ោ(FUSO) ពណ៌បៃតងស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ3A.2475សន្តោងសឺមីរ៉ឺម៉កពណ៌ខ្មៅពាក់ស្លាកលេខ4A.1875បើកបរដោយឈ្មោះ ឈឺន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរចេញពីផ្លូវលំ(ទំនប់)ឆ្លងកាត់ផ្លូវ ក្នុងទិសដៅ បញ្ច្រាសទិសគ្នាបានបុកម៉ូតូយុវជនចំពីមុខពេញទំហឹង បណ្តាលឲ្យបាក់ខ្នងជើងខាងស្តាំរងរបួសធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបាននិយាយថា ក្រុមរថយន្តដឹកខ្សាច់ ខាងលើនេះ បើកបរលឿនៗណាស់ មិនសូវគោរពច្បាប់ចរាចរណ៍នោះទេ បើទោះបីជាកន្លែងទីប្រជុំជនក៏ដោយ ជាក់ស្តែងដូចជាករណីនេះស្រាប់ ដូចនេះសូមសមត្ថកិច្ចជំនាញមេត្តាជួយអន្តរាគមន៍ទប់ស្កាត់ ចុះធ្វើការអប់រំដល់តៃកុងរថយន្តដឹកខ្សាច់ខាងលើនេះផង ជៀសវាងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង។
ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ជូនដំណឹងទៅសាច់ញាតិ យកយុវជនរងគ្រោះទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។ដោយឡែករថយន្តនឹងម៉ូតូខូចខាតផ្នែកខាងមុខទាំងស្រុង ត្រូវបានជំនាញបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកឱរ៉ាល់ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕