ភ្នំឈូងស្រាយដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ស្ថិតនៅក្នុងភូមិតាង៉ែន ត្រូវបានគេដាក់គ្រឿងចក្រទន្រ្ទានកាយយកអាចម៍ដី យ៉ាងអាណាធិបតេយ្យ
ខេត្តបាត់ដំបង៖ភ្នំឈូងស្រាយ ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ត្រូវបានគេដាក់គ្រឿងចក្រទន្រ្ទានកាយយកអាចម៍ដី យ៉ាងអាណាធិបតេយ្យ ដោយមិនមានការយកចិត្តទុកដាក់ទប់ស្កាត់ពីខាងអាជ្ញាធរស្រុកនិងមន្ត្រីជំនាញឡើយ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំខាងលើនេះបានបង្ហើបប្រាប់អោយដឹងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះថា ជាច្រើនថ្ងៃមកហើយពួកគាត់បានសង្កេតឃើញគ្រឿងចក្រចូលមកដាក់កាយទន្រ្ទានរូងដីជើងភ្នំដឹកចេញរាប់សិបឡានក្នុងមួយថ្ងៃៗ តែមិនដឹងថាគេយកទៅលក់ឬធ្វើអ្វីនោះទេ ហើយក៏មិនដឹងថាមានច្បាប់ឬអត់នោះដែរ ព្រោះមិនឃើញមានអាជ្ញាធរនិងមន្ត្រីជំនាញណាម្នាក់ចុះមកធ្វើការហាមឃាត់ឬបង្ក្រាបឡើយ។
លោក អឹម ប៊ុនយូ ដែលជាមេឃុំតាគ្រាម បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងតាមរយៈទូរស័ព្ទថា ដោយសារក្នុងភូមិក្រោយទឹកជំនន់លិចផ្លូវមួយចំនួនបានរងការខូច ខាងភូមិជាមួយនឹងសហគមន៍គេបានទំនាក់ទំនងគ្នា ដោយយើងមានដៃគូរជាមួយស៊ីម៉ាក់គាត់មានគ្រឿងចក្រ គាត់ចេះតែជួយកាយក្នុងនាមរាប់អានគ្នានៅក្នុងមូលដ្ឋាន ហើយដោយសារទឹកលិចពេកផ្លូវខូចច្រើន ឯកឧត្តមប្រធានលោកបានដាក់ផែនការអោយភូមិមួយៗអភិវឌ្ឍន៍ ដោយខ្លួនឯងទៅតាមលទ្ធភាពទំនាក់ទំនងធ្វើយ៉ាងម៉ិចអោយវាល្អប្រសើរឡើងវិញ។
ចំណែកលោក ប៉ែន សារីយោ អភិបាលស្រុកបាណន់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងតាមរយ:ទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះដែរថា លោកអត់បានដឹងទេ ហើយជួនកាលគាត់ពឹងស៊ីម៉ាក់អោយមកជួយធ្វើ ព្រោះស៊ីម៉ាក់មានទីតាំងនៅក្បែរនោះដែរ ហើយក៏ពឹងគ្នាទៅវិញទៅមក ព្រោះដីមាននៅក្នុងស្រុកហើយ ក្នុងឃុំហើយ ផ្លូវប្រជាជនលំបាកយើងទុកធ្វើអី ហើយកតាព្វកិច្ចគ្រប់គ្រងអីអស់ហ្នឹងមានតែមន្ទីររ៉ែឯណោះដែលជាអ្នកចេញច្បាប់ចេញអី។ប៉ុន្តែនៅក្នុងមូលដ្ឋានអាចថា បន្តិចបន្តួចជួសជុលផ្លូវប្រើចេះតែធ្វើទៅ ដើម្បីលំអរមូលដ្ឋានធ្វើម៉ិចទេ លទ្ធភាពនៅក្នុងមូលដ្ឋានមានក៏ចេះតែកែច្នៃហើយ អ្នកណាធ្វើការត្រឹមត្រូវតាមច្បាប់គ្រប់ជ្រុងជ្រោយពេកក៏វាមិនចេញដែរការងារនោះវាលំបាកអញ្ចឹង ហើយការងារក្នុងមូលដ្ឋានបើយើងកែច្នៃបានចេះតែកែច្នៃទៅ។
ដោយឡែកលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់អោយដឹងដែរថា ចំពោះរឿងនេះលោកនឹងអោយមន្ត្រីរបស់លោកចុះទៅពិនិត្យមើល៕