ពលរដ្ឋងាយរងគ្រោះចំនួន១០០គ្រួសារ នៅស្រុកទឹកឈូ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
ខេត្តកំពត៖នៅព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចែកអំណោយកាកបាទក្រហមជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពតចំនួន១០០គ្រួសារ នៅសាលាស្រុកទឹកឈូ។
ពិធីនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ សរុប១២៥នាក់។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ។
ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បន្តថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ឯកឧត្តមក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
អំណោយកាកបាទក្រហមចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១០០គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖អង្ករ២៥kg មី១កេះ ទឹកត្រី១យួរ ស្ករស១kg និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម កងកម្លាងទាំងបី៣៤នាក់ សរុបចំនួន៥០ម៉ឺនរៀល៕