អាជ្ញាធរក្រុងបានលុង សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារក្រុងបានលុង និងអប់រំផ្សព្វផ្សាយ អំពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩
ខេត្តរតនគិរី៖ដោយមានការណែនាំពីឯកឧត្តមអភិបាលខេត្តរតនគិរី និងលោកអភិបាលក្រុងបានលុង លោក ហោ ឆែ អភិបាលរងក្រុងបានដឹកនាំកម្លាំង សហការជាមួយមន្ទីរសុខាភិបាលខេត្ត នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារក្រុងបានលុង និងអប់រំផ្សព្វផ្សាយ អំពីវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ។
នាឱកាសនោះលោក ហោ ឆែ មានប្រសាសន៍ថា ការបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារក្រុងបានលុងនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ហើយកិច្ចការនៃការបាញ់ថ្នាំសម្លាប់មេរោគនេះ នឹងធ្វើនៅគ្រប់ទីកន្លែងប្រជុំជនដែលផ្តោតសំខាន់ នៅក្នុងផ្សារ និងតាមទីរសាធារណៈនានាក្នុងខេត្ត ជាពិសេសផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋទាំងអស់ បានស្វែងយល់អំពីវិធានការនានាដែល ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលបានណែនាំ និងចូលរួមធ្វើអនាម័យឱ្យបានស្អាតជាប្រចាំផងដែរ។
លោកអភិបាលរងក្រុងបានលុង បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចខ្លួននោះទេ ជាពិសេសត្រូវប្រុងប្រយ័ត្ន និងចូលរួមអនុវត្ត វិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានទ្វេរដងបន្ថែមទៀត ដើម្បីសុវត្ថិភាពខ្លួនឯង សុវត្ថិភាពគ្រួសារ និងសង្គមជាតិ៕