លោកឧត្តមសេនីយ៍ត្រី ស្នងការខេត្តបន្ទាយមានជ័យ នាំយកអំណោយ ផ្តល់ជូនកងកម្លាំងនគរបាល ក្នុងការចុះបំពេញបេសកម្ម ដឹកជញ្ជូនប្រជាពលករ ដែលត្រឡប់មកពីប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយជាអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវរួមនឹងថវិការមួយចំនួនរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ផ្តល់ជូនដល់លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង អធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង៤ ក្នុងការចុះបំពេញបេសកម្ម ដឹកជញ្ជូន បងប្អូនប្រជាពលករ ដែលត្រឡប់មកពីប្រទេសថៃ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការដ្ឋាននគរបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសការឆ្លងជំងឺកូវីដ-១៩។ជាងនេះទៅទៀតត្រូវបន្តពង្រឹងបង្កើនការយកចិត្តទុកដាក់ថែមទៀតក្នុងការគ្រប់គ្រងប្រជាពលរដ្ឋ ដែលចេញចូលឆ្លងដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះ កំពុងតែផ្ទុះឡើងនៅក្នុងសហគមន៍ ក្នុងខេត្តមួយចំនួនរបស់ប្រទេសថៃនោះ៕