កម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្បាតនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលសហគមន៍
ខេត្តបន្ទាយមានជ័យ:ដើម្បីចូលរួមទប់ស្កាត់នៃការជួញដូរមនុស្ស ពិសេសពលរដ្ឋខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់ ដោយមិនបានធ្វើការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាលនោះ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្រួតពិនិត្យនិងពង្រឹងកម្លាំងអន្តរាគមន៍របស់កងពល សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការបានដាក់បទបញ្ជាដល់កងកម្លាំង គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ល្បាត ត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង ករណីចាំបាច់ជួបប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ពន្យល់ណែនាំ អំពីផលប៉ះពាល់នៃជំងឺឆ្លងកូវីដ១៩ ចំពោះបុគ្គល គ្រួសារនិងសហគមន៍ដោយរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាយការណ៍តាមឋានានុក្រម ជាបន្ទាន់ ដើម្បីឲ្យជំនាញដឹកជញ្ជូនយកមកធ្វើចត្តាឡីស័កតាមបណ្តាគោលដៅដែលបានកំណត់៕