គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត០២គ្រឿងបុកគ្នា នៅស្រុកថ្មគោល បណ្តាលឲ្យស្លាប់ និងរបួសចំនួន១០នាក់
ខេត្តបាត់ដំបង៖យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៨នាក់បានស្លាប់ភ្លាមៗ និង០២នាក់រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង២១និង២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចកំណាត់ផ្លូវជាតិ៥ ដែលកំពុងស្ថាបនា ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកCamery ពណ៍ស មួយគ្រឿងពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0377 ដោយដឹកមនុស្សពេញ ក្នុងទិសដៅពីលិចទៅកើត(បាត់ដំបង ពោធិ៍សាត់)លុះក្រោយមកក៏ស្រាប់តែមានរថយន្តដឹកទឹកកក ពណ៍ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A - 0169 បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្ត Cameryពេញទំហឹង បណ្តាលឲ្យអ្នករួមដំណើរប្រុសស្រីចំនួន០៧នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងអ្នកបើកបររួម និងក្មេងប្រុសម្នាក់រងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ។ ដោយឡែកភាគីខាងរថយន្តដឹកទឹកកក អ្នកបើកបរបានស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរម្នាក់រត់គេចខ្លួនបាត់។
បើតាមការលើកឡើងពីខាងក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ក្រុមគ្រួសាររបស់គាត់គឺជាពលករដែលទើបនឹងវិលត្រឡប់មកពីស៊ីឈ្នួលកាប់ដំឡូង នៅឯព្រំដែនកម្ពុជា ថៃ ស្ថិតក្នុងស្រុកកំរៀង ដើម្បីទៅចូលរួមក្នុងកម្មពិធីរៀបមង្គលការបងប្អូន នៅស្រុកកំណើតក្នុងខេត្តពោធិ៍សាត់ តែជាអកុសលពេលត្រឡប់មកដល់ចំណុចខាងលើ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់អស់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការកាត់គាស់រថយន្ត ដើម្បីទាញយកសពមករក្សាទុកនៅវត្តអូរតាគី រងចាំប្រគល់អោយខាងសាច់ញាតិមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្តពាក់ព័ន្ធទាំង ២គ្រឿងដែលរងការខូចខាតត្រូវបាននគរបាលជំនាញធ្វើការវាស់វែង និងបញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕