ឧបទ្ទវហេតុគ្រោះថ្នាក់ចរារណ៍ បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ហុង ហួតលី ក្រឡាប់ធ្លាក់ប្រឡាយបណ្តាលអោយរងការខូចខាតយ៉ាងដំណំ
ខេត្តបាត់ដំបង៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ដែលគេស្គាល់ថាជាក្រុមហ៊ុន(ហុង ហួតលី)បានបើកផុងផ្លូវក្រឡាប់ធ្លាក់ចូលប្រឡាយបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង។
រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលក្រឡាប់ខាងលើ ជាប្រភេទរថយន្តកង់ដប់ពណ៌ស ពាក់ស្លាកលេខបាត់ដំបង ៥A 0025 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានបើកបរដឹកស៊ីម៉ង់ត៍ក្រឡុកពេញធុង ក្នុងទិសដៅពីកើតទៅលិច គោលបំណងដើម្បីយកមកចាក់ធ្វើផ្លូវបេតុងនៅចំណុចកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបើកអែបចូលចិញ្ចើមផ្លូវគេចពុម្ពដែលខាងក្រុមជាងបានរៀបផ្គុំដើម្បីចាក់បេតុងផ្លូវ ភ្លាមនោះក៏បានផុងស្រុតបណ្តាលអោយក្រឡាប់ចូលប្រឡាយរងការខូចខាតតែម្តង តែមិនបណ្តាលអោយនរណាម្នាក់រងរបួសឡើយ។
ក្រោយពីមានការក្រឡាប់ភ្លាម គេសង្កេតឃើញថាមិនមានវត្តមានសមត្ថកិច្ចជំនាញចុះមកចំណុចកើតហេតុខាងលើនេះទេ ដោយសាររថយន្តក្រឡាប់ខ្លួនឯង និងមិនមានអ្នករងរបួស ដោយឃើញតែរថយន្តស្ទូចរបស់ក្រុមហ៊ុន (ហុង ហួតលី)មកស្ទូចយករថយន្តដើម្បីយកទៅធ្វើការជួសជុលខ្លួនឯងវិញ៕